2024-10-31 02:10
30

ភ្នំពេញ៖ ជម្លោះរវាងថៅកែ ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ជាមួយកម្មករ រឿងចាប់យកសត្វសុនខ ០១ក្បាល ដើម្បីជាថ្នូរទាមយកប្រាក់ខែដែលថៅកែមិនបើកប្រាក់ខែឱ្យនោះ ឈានដល់សមត្ថកិច្ចចាប់ខ្លួនកម្មករម្នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្ន ត្រូវបានដោះស្រាយបញ្ចប់ក្រៅប្រពន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

វាសនាមនុស្សពិតជាមើលមិនឃើញគ្រោះបានប្រែក្លាយទៅជាលាភជ័យ ខណៈបុរសជាកម្មករ ដែលត្រូវថៅកែប្តឹងចាប់ដាក់គុត ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឱ្យចូលជួប និងបានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារ និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ។

នៅលើគណនីតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ បានសរសេរបញ្ជាក់ថា៖ «សម្តេចតេជោបានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ  ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ»។ 

នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំឱ្យភាគីជម្លោះ និងបានណែនាំទៅគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះ នៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ 

បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែលសម្ដេចបានផ្ដល់ឱ្យពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និងស្មោះត្រង់ជាមួយប្រពន្ធ៕