2024-11-03 09:23
63

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើការណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់គុនខ្មែរទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ កីឡាការិនី ឱ្យបានល្អប្រសើ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍នោះទេ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះឡើយ។

សម្តេចតេជោបានធ្វើការណែនាំយ៉ាងដូច្នេះ នាឱកាស សម្តេចអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរនៅល្ងាចថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា៖ «កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះបានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ»។ 

សម្តេចតេជោបន្តថា៖ «កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះ នាពេលខាងមុខ បើសិនជាមានការគាំទ្រឱ្យបានដិតដល់ជាងនេះទៀត»។ 

សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍ពេក នឹងធ្វើឱ្យខូចកីឡាករ កីឡារិនី នឹងឆាប់ចុះខ្សោយកម្លាំង។ 

ដូច្នេះ សម្តេចតេជោបានណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍នោះទេ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះឡើយ»៕