2024-11-03 11:39
52

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកស្រីបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO)។ ទន្ទឹមនេះអង្គការ GIZ ក៏បានគាំទ្រដល់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងខេត្តបាត់ដំបងផងដែរ។

លោករដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីបណ្ឌិត Bärbel Kofler មកកម្ពុជានាពេលនេះ នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានភាពល្អប្រសើរថែមទៀត។

ថ្លែងក្នុងជំនួបនេះ លោកស្រីបណ្ឌិត Bärbel Kofler បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តដាក់យ៉ាងខ្លាំងចំពោះការគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នកម្រិតប្រាក់ឈ្នួលអប្បរមានៅកម្ពុជាក៏ខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។ 

លោកស្រីក៏ចាប់អារម្មណ៍ផងដែរ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការអភិវឌ្ឍជំនាញដែលជាកត្តាសំខាន់សម្រាប់វិស័យឯកជន។  

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំពារសង្គមជាពិសេសការគាំពារតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមិនត្រឹមតែសម្រាប់កម្មករ និយោជិតប៉ុណ្ណោះទេគឺសម្រាប់ប្រជាពលរដ្ឋ បុគ្គលស្វ័យនិយោជន៍ អ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។

    
ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ TVET ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញជាច្រើន ជាពិសេសជំនាញមេកានិក មេកាត្រូនិក ផ្នែកយានយន្ត ជាដើមដែលមានវិទ្យាស្ថានបច្ចេកទេសនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កំពុងផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ ឌីប្លូម៉ា និងឧត្តមសិក្សា៕