កាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលបានថវិកាបណ្តោះអាសន្នពីសប្បុរជននានាជិត៣ម៉ឺនដុល្លារក្នុងពិធីអបអរខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ថវិកាបណ្តោះអាសន្នចំនួន ២៧,៥៩៤.៩៣ដុល្លារ ត្រូវបានសប្បុរជននានា បានចូលរួមបរិច្ចាគគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីគិរី នាឱកាសពិធីអបអរខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ" រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម " ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នាសាលមហោស្រពរតនៈក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងលោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន តំណាង ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។
បន្ទាប់ពីឯកឧត្តម ឌុច ចាន់តូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ ស្វាគមន៍ រួចមក ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានកិត្តិយសគណៈកម្មាធិការសាខា បានលើកឡើងថា ខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ" រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម " ធ្វើជាប្រធានបទនៃការទាក់ទាញចំណាប់អារម្មណ៍មហាជនទូទៅ ឲ្យបានយល់កាន់តែច្បាស់ថែមទៀត អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយប្រធានបទនេះ មានខ្លឹមសារ និងអត្ថន័យ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាព នៃការចូលរួមសកម្មភាពមនុស្សធម៌របស់អ្នកស្ម័គ្រចិត្តនៅក្នុងបេសកកម្មជួយសង្គ្រោះ ជនរងគ្រោះ និងក្នុងការកៀគរធនធានឲ្យកាន់តែទូលំទូលាយថែមទៀត។
ឯកឧត្តម បានណែនាំដល់សាខា-អនុសាខា ត្រូវយកចិត្តទុកដាក់ និងដោះស្រាយឲ្យអស់លទ្ធភាព ក្នុងការជួយសម្រាលការលំបាករបស់មនុស្សចាស់គ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ ។ល។ ត្រូវលើកកម្ពស់ការកសាង និងពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងប្រតិបត្តិករឈានមុខ ធ្វើការអប់រំផ្សព្វ
ផ្សាយលើកកម្ពស់អនាម័យ ថែទាំសុខភាព ថែរក្សាបរិស្ថានល្អ និងសុវត្ថិភាពចរាចរណ៍។ ត្រូវពង្រឹងអភិបាលកិច្ចល្អ គ្រប់គ្រងមានតម្លាភាព ដើម្បីរក្សាបានជំនឿទុកចិត្ត និងការគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោក ឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងកំពុងតែបន្តគាំទ្រយ៉ាងសកម្មដល់កាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក្នុងការរួមចំណែកទាំងស្មារតី សម្ភារៈ និងថវិកា ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដំណើរការសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះនានា ឲ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ
ក្រហមកម្ពុជា ដែលបានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕