2024-11-04 09:11
37

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូនឪពុកម្ដាយ អាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិត ឱ្យបានជ្រាប៖ «ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល»។ 

នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ 

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្តនិងជួយសម្រួលដល់វិស័យអប់រំ ជាពិសេស ដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតផង។ 

សម្តចធិបតី ហ៊ុន ម៉ាណែត បានរំឭកថា៖ ជាក់ស្តែង ក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចបានសម្រេចផ្តល់នូវការលើកទឹកចិត្ត ចំនួន ០៣ ចំណុច ក្នុងនោះ ក៏បានបន្តអនុគ្រោះពន្ធមួយចំនួនរួមមាន៖ «ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨»។ 

ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិត ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក ១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលមានសមាជិក ១២០ ដើម្បីពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់ក្មួយៗ សិស្ស-និស្សិត។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ជាលទ្ធផល សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាបានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥នេះហើយគ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ»។ 

ដោយឡែក ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (ដោយសារសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សាជាច្រើន ដែលជាសមាជិកសហព័ន្ធបានបើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ)។ 

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះស្មារតីសហការ និងសូមថ្លែងអំណរគុណចំពោះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានយល់ស្របតាមសំណើរបស់សម្តេច ដោយមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីក៏ដូចជាការពិនិត្យលទ្ធភាពបញ្ចុះថ្លៃសិក្សាជូនក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនរបស់គ្រឹះស្ថានអប់រំនីមួយៗ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមថាសកម្មភាពជាវិជ្ជមាន របស់បណ្ដាគ្រឹះស្ថានសិក្សា ខាងលើនេះ នឹងជួយសម្រាលបន្ទុកបានមួយកម្រិតសម្រាប់ឪពុកម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតសម្រាប់ការសិក្សានេះ៕