2024-11-04 11:11
43

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចជំនួបនេះដែរ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជា។

ក្នុងឱកាសនោះដែរលោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសកូរ៉េ ជាពិសេសរដ្ឋាភិបាលកូរ៉េបានជួយកសាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលភាគច្រើនស្គាល់ថា សាលាកូរ៉េ ដែលបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្សជាច្រើនលើជំនាញបច្ចេកទេស វិជ្ជាជីវៈ ភាសាកូរ៉េ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យនៃប្រទេសកូរ៉េ ផងដែរ។ 

ទន្ទឹមនេះ វិទ្យាស្ថាន NPIC ក៏កំពុងសហការជាមួយក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើការបណ្តុះបណ្តាលនិងអភិវឌ្ឍជំនាញយានយន្ត ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា សាធារណរដ្ឋកូរ៉េបានក្លាយជាទិសដៅដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់ មានការគាំពារពីរដ្ឋាភិបាលកូរ៉េ និងអាចទទួលបានជំនាញខ្ពស់ពេលត្រឡប់មកប្រទេសកម្ពុជាវិញ។

តាមរយៈនៃសមិទ្ធផលទាំងនេះ បង្ហាញថាកម្ពុជា-កូរ៉េមានកិច្ចសហប្រតិបត្តិការជាមួយគ្នាមិនត្រឹមតែរវាងរដ្ឋនិងរដ្ឋ ក្រសួងនិងក្រសួងប៉ុណ្ណោះទេតែក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតបលោក Kim Han-Gil បានជម្រាបជូនថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មានគោលនយោបាយដែលត្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើន ជាពិសេសកម្លាំងពលកម្មជំនាញខ្ពស់ ដែលចំណុចនេះ លោក រំពឹងថាកម្ពុជានឹងអាចអភិវឌ្ឍកម្លាំងពលកម្មជំនាញកាន់តែច្រើន ដើម្បីចូលរួមបំពេញតម្រូវការទៅតាមកូតារបស់សាធារណរដ្ឋកូរ៉េ។ 

លោកក៏លើកទឹកចិត្តដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅ ប្រទេសកូរ៉េ រៀនភាសាកូរ៉េបន្ថែមទៀតផងដែរ៕