2024-11-04 02:11
44

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ 

នៅឯព្រលានយន្តអន្តរជាតិភ្នំពេញលោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា៖ «កិច្ចប្រជុំកំពូលអង្គការសហប្រជាតិស្តីពីជីវៈចម្រុះលើកនេះបានបន្តការពិនិត្យពិភាក្សាលើគោលនយោបាយនិងផែនការសកម្មភាពដែលផ្តោតលើការធ្វើឱ្យមានសន្តិភាវូបនីយកម្មរបស់មនុស្ស ជាមួយនឹងធម្មជាតិក៏ដូចជាជួយជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត រវាងមនុស្សនិងធម្មជាតិកាន់តែប្រសើរឡើង»។

លោកបណ្ឌិតបានបន្តថា៖ «ដើម្បីទទួលបាននូវសន្តិភាវូបនីយកម្មរវាងប្រជាជន និងធម្មជាតិដាច់ខាតប្រទេសភាគីនីមួយៗ ត្រូវការពារថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ សំរាប់ប្រទេសនីមួយៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ»។ 

លោករដ្ឋមន្រ្តីបានបន្ថែមថា៖ «គោលដៅសំខាន់មួយទៀត នៃកិច្ចប្រជុំនេះ គឺបានគៀរគរថវិកាដើម្បីយកមកថែរក្សាអភិរក្ស និងពង្រីកផ្ទៃដីនៃការគ្រប់គ្រងជីវរៈចម្រុះ នៅតាមប្រទេសនីមួយៗហើយជាពិសេសរាប់យកទៅជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍»។

ក្នុងនាមជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត បានឡើងថ្លែងនូវសុន្ទរកថានៅចំពោះមេដឹកនាំពិភពលោក ដែលបានឆ្លុះបញ្ចាំងអំពី «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏បានលើកឡើងនូវការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានក៏ដូចជាយុទ្ធសា្រស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីៈចម្រុះ និងយុទ្ធសាស្រ្តដ៏ទៃទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចុះសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមជាមួយនិងសកម្មភាពផ្សេៗទៀត ដែលបានធ្វើនិងកំពុងធ្វើនោះគឺការពង្រីកវិសាលភាពគម្របព្រៃឈើតាមរយៈការដាំឈើយ៉ាងតិច១លានដើមនៅក្នុង១ឆ្នាំ ការចែកជូនកូនឈើ ជូនប្រជាពលរដ្ឋទៅដាំ ដោយឥតគិតថ្លៃក៏ដូចជាការរៀបចំថ្នាលបណ្តុះកូនឈើដើម្បីពង្រីកការដាំដើមឈើនៅកម្ពុជា។

យោងតាមប្រសាសន៍លោករដ្ឋមន្រ្តីអ្វីដែលក្រសួងបរិស្ថានកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺស្របទៅតាមអង្កការសហប្រជាតិចង់បាន នោះគឺការការពារ និងអភិរក្ស ថែរក្សា ធនធានធម្មជាតិ ដោយធ្វើយ៉ាងណាឱ្យការរស់នៅរបស់មនុស្ស មានភាពសុខដុមរមនាជាមួយធម្មជាតិ។ 

នៅក្នុងអំឡុងពេលស្នាក់នៅ និងអញ្ជើញចូលរួមប្រជុំ ប្រតិភូកម្ពុជាបានធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសម្ចាស់ផ្ទះ ក៏ដូចជាភាគីប្រទេសនានាបានចំនួន ១២ ប្រទេសនិងជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។ 

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «គណៈប្រតិភូកម្ពុជា បានទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិកាពីដៃគូគួរជាទីគាប់ចិត្ត ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន»។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា៖ «កម្ពុជាសម្រេចបានសមិទ្ធផល ដែលបានចូលរួមចំណែកក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា ទទួលបានកិត្យានុភាពជាតិលើឆាកអន្តរជាតិនៅពេលធ្វើឱ្យពិភាពលោកបានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីភាពស្អាតភាពបៃតងនិងជំរុញលើការងារជីវៈចម្រុះសកល រួមទាំងតម្រូវការមធ្យោបាយធនធានដើម្បីគាំទ្រ និងធានាបាននូវប្រសិទ្ធភាព ក្នុងពេលអនុវត្តសំដៅឈានឆ្ពោះ ទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវិស័យឆ្នាំ២០៥០»៕