2024-11-04 02:11
39

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានប្រកាសដល់សិស្ស និងនិស្សិត ដែលកំពុងរស់នៅក្នុងខេត្ត ចំនួន ០៣ គឺ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តកោះកុង ដែលមានបំណងក្លាយជាមន្ត្រីកសិកម្មឃុំសូមរួសរាល់ដាក់ពាក្យប្រឡងឱ្យបានឆាប់រហ័សព្រោះមានឱកាសខ្ពស់ដោយតែមានបេក្ខដាក់ពាក្យប្រឡងតិចជាងកន្លែងដែលត្រូវជ្រើស។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖ «លួចខ្សឹបប្រាប់អ្នកខេត្តរតនៈគីរី កោះកុង និងស្ទឹងត្រែង ចង់ក្លាយជា “មន្ត្រីកសិកម្មឃុំ” គួររួសរាន់ដាក់ពាក្យប្រឡងឱ្យបានឆាប់! ឱកាសខ្ពស់! ព្រោះមានអ្នកដាក់ពាក្យតិចជាងកន្លែងដទៃ!»។

សូមជម្រាបថា តាមគោលការណ៍របស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់គោលដៅដាក់ពង្រាយមន្ត្រីកសិកម្មប្រចាំឃុំ សង្កាត់នៅទូទាំងប្រទេសចំនួន ១៦០០នាក់ ដើម្បីស្វែងយល់ និងអនុវត្តការងារជាមួយប្រជាកសិករក្នុងមូលដ្ឋាន។ 

សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវឆ្លងកាត់ការជ្រើសរើសប្រកបដោយ តម្លាភាព សុក្រិតភាព ប្រសិទ្ធភាព  និងយុត្តិធម៌ មិនឱ្យមានបែកវិញ្ញាសារប្រឡងនោះទេពោលគឺអ្នកចេះត្រូវប្រឡងជាប់ដោយសមត្ថភាព។

គួរបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការគ្នាជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ សម្រាប់ឆ្នាំ២០២៣។

បន្ទាប់មក នៅឆ្នាំ២០២៤ នេះ ក្រសួងនឹងបន្តជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០ នាក់បន្ថែមទៀត  និងនៅឆ្នាំ២០២៥ នឹងបន្តជ្រើសរើសបង្រ្គប់ចំនួន ៥៥០ នាក់បន្ថែមទៀតដើម្បីឱ្យគ្រប់ចំនួន១៦០០នាក់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕