2024-11-04 02:11
42

ស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ 

នៅក្នុងឱកាសនោះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងប្រតិភូក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា គឺពិតជាបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់និងផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេង ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីសង្គមកិច្ចក៏ដូចជា សាខាមូលនិធិជាតិជំនួយសង្គមនិងសាខាមូលនីធិពិការខេត្តស្វាយរៀងឲ្យកាន់តែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច ដើម្បីបម្រើសេវាសាធារណៈ ក្នុងវិស័យសង្គមកិច្ច និងកម្មវិធីជាតិជំនួយសង្គមជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។ 

នៅក្នុងពិធីខាងលើនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថាការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បាន និងកំពុងពុះពារ សម្រេចឱ្យបានស្របតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវការចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជា ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តស្វាយរៀង នាពេលនេះ ដើម្បីដឹកនាំការងារបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ក្នុងខេត្តស្វាយរៀង។ 

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំ ប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តស្វាយរៀងក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូន ប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យ អនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន និងកំពុងរៀបចំការពិនិត្យឡើងវិញការវិភាគមុខងារ និងកែសម្រួល រចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់ៗរបស់ខ្លួន កាន់តែឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផ្តល់សេវាសង្គមកិច្ចនិងអភិបាលកិច្ចវិស័យសង្គមកិច្ចជាដើម៕