2024-11-06 10:11
34

ភ្នំពេញ៖     អ្នកជំនួញជើងចាស់លើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាម្ចាស់រោងចក្រចម្រាញ់ដូងប្រេង កម្ពុជា បានឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់ក្រុមតាំងខ្លួនឯងជា «មាតាធម្មជាតិ» ដែលតាំងខ្លួនឯងជាអ្នកស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា តាមពិតដូចជាខ្មោចព្រាយបិសាច មានតែស្រមោល ហ៊ានមកចោទប្រកាន់លោកថា ជាអ្នកគេចវេសមិនទទួលខុសត្រូវទៅវិញ ដោយអ្នកឧកញ៉ាបង្ហាញភស្តុតាងខ្លះៗ ដើម្បីបង្ហាញប្រជាពលរដ្ឋ និងមហាជនឱ្យបានជ្រាបច្បាប់ និងចង់ឱ្យក្រុមនោះរាប់ដើមឈើដែលលោកបានដាំកន្លងមកឱ្យអស់រយៈពេល១ឆ្នាំ អ្នកឧកញ៉ាជូនប័ណ្ណសរសើរ និងជូនសគុណជាទីគាប់ចិត្តថែមទៀតផង។ 

នៅថ្ងៃអង្គារ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុម បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «អ្នកមិនមានគោលដៅច្បាស់លាស់ ដូចជាខ្មោចព្រាយបិសាច មានតែស្រមោល ហ៊ានមកចោទប្រកាន់ខ្ញុំថាជាអ្នកគេចវេសមិនទទួលខុសត្រូវទៅវិញ នេះជាភស្តុតាងខ្លះៗ ដែលខ្ញុំចង់បង្ហាញជូនប្រិយមិត្តយើងឱ្យបានឃើញថា ខ្ញុំគេចវេសមិនទទួលខុសត្រូវដូចពាក្យចោទប្រកាន់នេះដែរ ឬអត់ទេ?»

អ្នកជំនួញដ៏ល្បីល្បាញដែលអភិវឌ្ឍលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យផ្សេងៗជាច្រើនទៀត អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរបញ្ជាក់ថា៖ «នៅលើលោកយើងនេះ ឱ្យតែចង់បានអ្វីមួយ វានឹងអាចបាត់បង់អ្វីមួយជាក់ជាមិនខានឡើយ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ ចាប់ពីឆ្នាំ១៩៩៦-២០២៤=២៨ឆ្នាំ កន្លងទៅហើយ គុណដ៏មហាធំធេងដែលខ្ញុំបានកសាងលើវិស័យកសិកម្ម និងកសិឧស្សាហកម្មមកលើជាតិ និងប្រជាជនកម្ពុជាយើង១០០សំពៅ តើអស់លោកចង់យកកំហុសដោយអចេតនាតូចតាចមួយនេះ មកបំផ្លាញឬ? (គុណ១០០សំពៅ ទោសមួយចូលទៅបំផ្លាញទាំងអស់) គ្រាន់តែមានករណីនេះកើតឡើងភ្លាម មានអ្នកស្នេហាជាតិច្រើនណាស់ ទាំងគ្នាឯងផង ទាំងគ្នាគេផង មកសាកសួរជីកឫស ជីកគល់ក្នុងគោលបំណងបំផ្លាញតែម្តង តែខ្ញុំមិនមានប្រតិកម្មតបតទៅវិញអ្វីទាំងអស់ ទុកពេលឱ្យសាមីក្រសួង ដែលមានការពាក់ព័ន្ធដោះស្រាយទៅតាមនីតិវិធីទៅចុះ»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមទៀតថា៖ «សូមអស់លោក កុំតាំងខ្លួនឯងជាអ្នកស្រឡាញ់ជាតិ និងប្រជាជនកម្ពុជាតែក្រុមអស់លោកតែមួយដំបស្វាហ្នឹងពេក អស់លោកតែងតែតាំងខ្លួនឯងថា មាតាធម្មជាតិ តើបានដាំដើមឈើបានប៉ុន្មានដើមហើយឬនៅ? នៅកន្លែងណាខ្លះ? ខ្ញុំមិនដែលបានតាំងខ្លូនឯងថាជា បិតាធម្មជាតិ ម្តងណាទេ ប៉ុន្តែខ្ញុំហ៊ានឱ្យក្រុមលោកឯងទាំងអស់គ្នាមករាប់ដើមឈើដែលខ្ញុំបានដាំអោយអស់រយៈពេល១ឆ្នាំ ខ្ញុំនិងជូនប័ណ្ណសរសើរ និងជូនសគុណជាទីគាប់ចិត្តថែមទៀតផង»។

ជាទីបញ្ចប់អ្នកឧកញ៉ា ម៉ុង ឫទ្ធី សូមអរគុណដល់អស់លោកដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ និងសូមជូនពរឱ្យអ្នកទាំងអស់នោះ ឆាប់ភ្ញាក់រលឹកងាកមកចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

អ្នកឧកញ៉ាបានបញ្ជាក់ថា៖ «បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងកម្ពុជា បានផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិក កម្មករប្រមាណជាជាង ២,០០០ នាក់ និងដោយប្រយោលប្រមាណជាជាង ៨,០០០ នាក់។ 

នៅពេលនេះយើងបានទប់ទំនប់ដែលបានបាក់រួចរាល់ជាស្ថាពរ ធ្វើឱ្យស្ថានភាពងាកមករកភាពប្រក្រតីឡើងវិញ ព្រមទាំងសងសំណងការខូចខាតដល់រដ្ឋ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត»។

យោងតាមលិខិតរបស់ ក្រសួងបរិស្ថាន ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ គោរពជូនលោកបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន វិនិយោគទុនដំណាំដូងប្រេង កម្ពុជា ក្នុងករណីអនុវត្តវិធានការច្បាប់ និងតម្រូវឱ្យកែលម្អការបំពុលបរិស្ថាន។ ក្នុងខ្លឹមសារលិខិតនោះក្រសួងបានបញ្ជាក់ថា៖ «រោងចក្រចម្រាញ់ដូងប្រេងទី២ របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេង កម្ពុជា ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវពីខ្សែច្រវាក់ផលិតកម្ម ចូលទៅក្នុងស្ទឹងព្រែកកំពង់សីលា បង្កការបំពុលទឹក និងត្រីងាប់»។ 

ឆ្លើយតបនឹងបញ្ហានេះ និងធ្វើការទប់ស្កាត់ ការបំពុលបរិស្ថាន ជាបន្តទៀត ក្រសួងបរិស្ថាន សម្រេចអនុវត្តវិធានការចំពោះក្រុមហ៊ុន ដូចខាងក្រោម
១៖ ពិន័យអន្តរការណ៍ជាប្រាក់ ចំនួន ៤០លានរៀល លើបទល្មើស៖ «បញ្ចេញសំណល់រាវលើសស្តង់ដារ, ប្រព័ន្ធអាងប្រព្រឹត្តិកម្ម ពុំមានលក្ខណៈបច្ចេកទេស និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការសម្អាតសំណល់រាវ ឆ្លើយតបនឹងកម្រិតកំណត់ស្តង់ដារបញ្ចេញ, ធ្វេសប្រហែសបណ្តាលឱ្យសំណល់រាវហូរចូលប្រភពទឹកសាធារណៈ បង្កការបំពុលទឹក ស្ទឹងព្រែកកំពង់សីលា និងត្រីងាប់, ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ»។ ពាក់ព័ន្ធករណីខាងលើ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន ត្រូវអញ្ជើញមកបង់ប្រាក់ពិន័យអន្តរការណ៍ខាងលើ នៅទីស្តីការក្រសួងបរិស្ថាន ឱ្យបានរួចរាល់នៅមុនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ជាកំហិត។

២៖ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការបញ្ចេញសំណល់រាវ ដែលមិនបានធ្វើប្រព្រឹត្តិកម្មសម្អាត និងមិន ស្របតាមស្តង់ដារកំណត់ ចូលក្នុងចំការដូងប្រេង ឬ ទៅទីទំនាបផ្ទៃរងទឹកភ្លៀង។
៣៖ ត្រូវរៀបចំសាងសង់ ឬ កែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងមានសមត្ថភាពសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់ដារ ឱ្យបានរួចរាល់ នៅមុនថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត។

៤៖ ត្រូវរៀបចំឱ្យមានស្រះបម្រុងសម្រាប់ស្តុកសំណល់រាវ ក្នុងករណីអាងប្រព្រឹត្តិកម្មដំណើរការ មានភាពមិនប្រក្រតី ដើម្បីការពារសំណល់រាវហូរចូលប្រភពទឹកសាធារណៈដោយផ្ទាល់ ឱ្យបានរួចរាល់នៅមុនថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត។

៥៖ ត្រូវរៀបចំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវសម្អាតរួច ដោយត្រូវប្រើប្រាស់ក្រុមហ៊ុនផ្តល់សេវាបំពាក់ ដែលទទួលស្គាល់ពីក្រសួងបរិស្ថាន ឱ្យបានរួចរាល់ នៅមុនថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ជាកំហិត។ 

ប្រសិនបើកក្នុងករណីក្រុមហ៊ុន ម៉ុង ឫទ្ធី ពុំអនុវត្តតាមចំណុចណាមួយខាងលើ ក្រសួងបរិស្ថាន បានព្រមាន នឹងចាត់វិធានការតាមច្បាប់ជាធរមាន។ 
ជុំវិញករណីអនុវត្តវិធានការច្បាប់ និងតម្រូវឱ្យកែលម្អការបំពុលបរិស្ថាន តាមការណែនាំរបស់ក្រសួងបរិស្ថាននោះ ក្រុមហ៊ុន ម៉ុង ឫទ្ធី បានរៀបចំទប់ទំនប់ដែលបានបាក់រួចរាល់ជាស្ថាពរ ធ្វើឱ្យស្ថានភាពងាកមករកភាពប្រក្រតីឡើងវិញ ព្រមទាំងសងសំណងការខូចខាតដល់រដ្ឋ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕