2024-11-06 04:11
31

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំវេទិការថ្នាក់ខេត្ត ស្តីពី «កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» មានរយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព លោក   ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក ឃួន  ណាត សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ សុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ។

ក្នុងវេទិការនោះ ក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិរងបាលខេត្ត  តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណជា ៥០០នាក់ ដែលពិធីនេះ ប្រារព្ធធ្វើនៅអគារសាលាខេត្ត ជាន់ទី២ សាលប្រជុំ វ៉ី សំណាង។

នៅក្នុងវេទិកានោះដែរ នៅតាមបណ្តាឃុំ/សង្កាត់ ក្រុង/ស្រុក តាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានធ្វើបទអន្តរាគមន៍ គោលលបំណងពិគ្រោះពិភាក្សា ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញបញ្ហាប្រឈម សំណើរ សំណូមពរដែលបានស្នើសុំដើម្បីអោយរដ្ឋបាលខេត្តធ្វើការដោះស្រាយជូន រាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋាន ព្រមទាំងបញ្ហាសំណូមពរនានា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា៖ «ក្នុងគោលបំណងការពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រេចការអនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

លោកបន្តទៀតថា៖ «ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្នាក់ខេត្តផ្តោតទៅលើខ្លឹមសារសំខាន់ៗ ដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាមួយចំនួនពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក របស់រដ្ឋបាលខេត្ត មានដូចតទៅ៖ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, មុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (មុខងារជាអាណត្តិទូទៅ និងមុខងារដែលបានផ្ទេរ), ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ទំនាក់ទំនងការងារ និងខ្សែរគណនេយ្យភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រាស្រ័យទាក់ទង និងគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ។

លោកបានគូសបញ្ជាក់ផងដែរ ដោយមានការគាំទ្រពីក្រសួងស្ថាបនថ្នាក់ជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាម មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងការផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធ  ភាព និង ទាន់ពេលវេលាផងដែរ៕