2024-11-07 02:11
37

ខេត្តយូណាន៖ លោក Wu Yu Jie ប្រធានក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បានគោរពជម្រាបជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។

ការលើកអំពីគោលបំណងចង់ពង្រីកលើការវិនិយោគខាងលើនេះ ធ្វើឡើង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កំឡុងពេលសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Wu Yu Jie និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបលោកប្រធាន Wu Yu Jie ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចបវរធិបតីកម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ 

ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។

ជាការឆ្លើយតបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងលើការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក»។ 

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា៖«គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្ដល់អាទិភាពនិងលើកទឹកចិត្តចំពោះការវិនិយោគក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម។សម្ដេចបវរធិបតីក៏បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនឱ្យបន្តធ្វើការជាមួយនឹងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀត»៕