2024-11-07 14:58
112

កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀង ដែលបានជន់បណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកគងពិសី និងស្រុកបសេដ្ឋ នៃខេ្តកំពង់ស្ពឺ បានស្រកចុះទាំងស្រុង គិតត្រឹមល្ងាចថ្ងៃទីថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ហើយចរាចររថយន្តតូចធំត្រូវបានបើកឱ្យដំណើរជាធម្មតាឡើងវិញ នារសៀលថ្ងៃនេះ។

សូមជម្រាបជូនថា ករណីជន់លិចតាមបណ្ដោយផ្លូវជាតិលេខ៣ ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេលមានភ្លៀង ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្រិតទឹកភ្លៀងពី ៦០មម ទៅ ១០០មម បានធ្វើឱ្យប៉ះពាល់ លិចផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ (៤២-៤៣) ផ្សារត្រាំខ្នារ ប្រវែង ៧០០ម៉ែត្រ និងចន្លោះគីឡូម៉ែត្រលេខ (៥៣-៥៥ ) ផ្សារប័ង្គសី ប្រវែង ៨០០ម៉ែត្រ។

ដំណោះស្រាយបន្ទាន់ ក្រោមការចុះពិនិត្យ និងណែនាំដ៏ខ្ពង់ខ្ពស់ពី លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ អ្នកពាក់ព័ន្ធ ធ្វើការកាយបើកផ្លូវទឹកនៅទីតាំងសំណង់សំខាន់ៗមួយចំនួន ដើម្បីសម្រួលនាំទឹកតាមចំណុចព្រៃអាចូលអាងទឹកសំរោង ខេត្តតាកែវ និងរំដោះទឹកដែលហូរពីភ្នំ នៅស្រុកបសេដ្ឋ តាមប្រឡាយមេ៣៥ ចូលទៅប្រឡាយមេរលាំងជ្រៃ-ស្លាគូ។ ស្ថានភាពក្រោយដោះស្រាយ បន្ទាប់ពីកាយផ្តាច់រួចទឹកបានស្រកចុះ ១០០% នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ គិតត្រឹមវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ស្ថានភាពទឹកលិចស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានស្រកចុះផុតពីតួផ្លូវជាស្ថាពរ។ 

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីរម៉ោង ១៣និង០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ៕