2024-11-07 03:11
31

ខេត្តសៀមរាប ៖ ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត  នៅថ្ងៃទី៥  ខែ វិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ ក្រោមការដឹកនាំដោយ លោក លី សារី អភិាបលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានសហការជាមួយ និងមន្ត្រីជំនាញមូលដ្ឋាន មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលបន្ទុក។

ក្រុមការងារចម្រុះ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ពិនិត្យសារធាតុញៀនលើអ្នកបើកបរ ការបំពាក់ចំណាំងផ្លាតខុសបច្ចេកទេស និងបានចុះអនុវត្តការងារស្រុកពួក ខេត្តសៀមរាប ហេីយក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា៖ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ឯកសារជំនួយស្មារតីអ្នកបើកបរ និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះ លោក បានប្រាប់សាធារណៈជន ឱ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរ ដោយត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ដើម្បីការពារជីវិតអ្នក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ដែលបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកដទៃ ឱ្យស្របទៅតាមទិសស្លោក «ចូលរួមគោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង គ្រួសារ និងអ្នកដទៃ»។

ម្យ៉ាងទៀតមិនត្រូវបើកបរលើសល្បឿនកំណត់ ព្រោះអាចបាត់បង់ស្មារតីក្នុងការគ្រប់គ្រងយានយន្ត ពេលជួបឧបសគ្គជាយថាហេតុ ហើយត្រូវគោរពសិទ្ធិអាទិភាព និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដដោយសីលធម៌ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕