2024-11-07 03:11
38

ភ្នំពេញ៖ ក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងចំណោមក្រសួង-រាជធានី-ខេត្ត ចំនួន ១៤ ដែលបានចូលរួមប្រកួតកីឡាប្រដាល់គុនខ្មែរ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ 

លោកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោពលខេមរភូមិន្ទ លោកឧត្តមសេនីយទោ ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានអញ្ជើញបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នាសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

តាមរបាយការណ៍របស់ គណៈកម្មការរៀចំការប្រកួត ប្រភេទកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបច្ចេកទេសថា៖ ឆ្លងកាត់ការប្រកួតរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្រសួងការពារជាតិ ទទួលបានមេដាយមាស ៦ ប្រាក់ ២ និង សំរឹទ្ធ ៣, លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស ៣ ប្រាក់ ៣ និង សំរឹទ្ធ ៣, លេខ៣ ខេត្តព្រៃវែង មេដាមាស ២ ប្រាក់ ១ និង សំរឹទ្ធ ១, លេខ៤ ខេត្តបន្ទាយមានជ័យ មាស ១ ប្រាក់ ២ និង សំរឹទ្ធ ២ និងខេត្តស្វាយរៀង ឈរនៅលេខ៥ ទទួលបានមេដាយមាស១ និងមេដាយប្រាក់១គ្រឿង៕