2023-05-17 10:16
535


នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្រ្ដីរាជការ កងកម្លាំងទាំងបី គ្រប់លំដាប់ថ្នាក់ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយ “ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី” ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  នៅសាលមហោស្រពរតនៈ ។


នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ស៊ូ សិរី បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា
ចក្រកម្ពុជា ដោយអត្ថន័យថា បរពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏នក្ខត្តឫក្ស មហាមង្គល បវរមហាប្រសើរ នៃពិធីបុណ្យចម្រើនព្រះវស្សាគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រគ្រប់ជនជាតិ នៅក្នុងខេត្ត រតនគិរី សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការ ប្រកបដោយក្តីកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយ ទសពិធរាជធម៌ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែង តែប្រោសព្រះរាជទានព្រះមហាករុណាទិគុណដល់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កន្លងមក។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការចំណាយព្រះបញ្ញា ញាណ ព្រះកាយពលគ្រប់ពេលវេលា ក្នុងបុព្វហេតុជួយដល់ជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ ប្រកបដោយព្រះរាជហឬទ័យមហាសប្បុរស សណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹម ពុំបានឡើយ។ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះវស្សាដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុង លោក សូមប្រោះប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ៕