2024-11-07 04:11
34

កំពត៖ ជនអន្តោប្រវេសន៍ ជនជាតិវៀតណាម ប្រុស-ស្រី សរុបចំនួន ២៥ នាក់ (ស្រី១៩នាក់) ត្រូវបានសមត្ថកិច្ចកម្ពុជា បណ្តេញចេញពីកម្ពុជា តាមច្រកទ្វាអន្តរជាតិ ព្រែកចាក បន្ទាប់ពីបានរកឃើញថា បានឆ្លងមកស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់លើទឹកដីកម្ពុជា។

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៧កើត ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ២៥ នាក់ (ស្រី១៩នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។ 

អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ជនជាតិវៀតណាមទាំង ២៥នាក់ ដែលត្រូវបណ្តេញចេញពីកម្ពុជានេះ ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងនោះ ទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ០១នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ០៦ នាក់ (ស្រី០៤នាក់) និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៨ នាក់ (ស្រី១៥នាក់)។

បច្ចុប្បន្នជនអន្តោរប្រវេសន៍ទាំងនោះ ត្រូវធ្វើពិធីប្រគល់ និងទទួលរវាងសមត្ថកិច្ចនគរបាលកម្ពុជា ជាមួយសមត្ថកិច្ចនៃប្រទេសវៀតណាម រួមរាល់ហើយ នៅប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអត្តរជាតិ ព្រែកចាក ខេត្តកំពត៕