2024-11-08 10:11
38

ភ្នំពេញ៖ យោងតាមលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នាថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា៖ «រដ្ឋសភាបានពិភាក្សា និងអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA»។

សេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៩ រូប។ 

អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈ បន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ចំនួន ២ ដោយមានសំឡេង ១០៩ នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានដូចតទៅ៖ ១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព និង ២- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA។ គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការ ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA។ ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ 

ផ្អែកលើសមិទ្ធផលកន្លងមកដូចបានគូសបញ្ជាក់ខាងលើ និងបន្ទាប់ពីពិចារណា និងវាយតម្លៃដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលបានសន្និដ្ឋានថា «កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការ បន្ត និងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន»។ សេចក្តីព្រាងច្បាប់នេះ មាន ៤ មាត្រា អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ទាំងមូល មានចំនួន ១០៩ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ បានដំណើរការចប់សព្វគ្រប់នូវរបៀបវារៈទាំង ២រួចហើយ អង្គសភាបានប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅវេលាម៉ោង ៨និង៤៥នាទី នាថ្ងៃខែឆ្នាំ ដដែល។

គួររំឭកថា ការសម្រេចលុបចោលកិច្ចព្រមព្រៀង ស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ការចូលរួមក្នុងគម្រោង CLV-DTA ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធផលញុះញង់បោកប្រាស់ប្រជាជនតទៅទៀត ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ៕