2024-11-12 04:11
26

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យ ចំនួន ០៣ ករណី ដែលវិវាទទី១- គឺជាវិវាទកិច្ចសន្យាចូលហ៊ុនធ្វើអាជីវកម្ម, វិវាទទី២- គឺវិវាទកិច្ចសន្យាខ្ចីប្រាក់ និង វិវាទទី៣- គឺជាវិវាទដីធ្លី។

វិវាទទី១- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាចូលហ៊ុនធ្វើអាជីវកម្ម របស់អាជីវករមកពីរាជធានីភ្នំពេញ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក រ៉េន រស់, លោក ហួន សុខនីម និងលោក ហុង គុណ។ វិវាទនេះ កើតឡើងពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាចូលហ៊ុនធ្វើអាជីវកម្មរួមគ្នា តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ករណីវិវាទនេះទើបត្រូវបានភាគីម្នាក់ ដាក់ពាក្យស្នើសុំមក អ.ដ.ក. ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ហើយត្រូវបានដោះស្រាយបញ្ចប់ដោយឆាប់រហ័ស។

វិវាទទី២- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន៖ លោក ង៉ាក់ ប៊ុនធី, លោក លី សុភាព និងលោក ម៉ែន វណ្ណរិទ្ធ។ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

វិវាទទី៣- គឺជាវិវាទដីធ្លី ដែលបានអូសបន្លាយអស់រយៈពេល៦ឆ្នាំ មកហើយ រវាងប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ។ នៅមុនពេលភាគីសម្រេចដាក់ពាក្យស្នើសុំមក អ.ដ.ក. គូភាគីវិវាទធ្លាប់បានចូលរួមធ្វើការដោះស្រាយនៅមូលដ្ឋានថ្នាក់ឃុំ-ស្រុក ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ទើបនៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ភាគីវិវាទបានដាក់ពាក្យបណ្តឹងមក អ.ដ.ក. ហើយត្រូវបានមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន៖ លោក អែម ប៊ុន្នី, លោក សៅ ព្រឿន និងលោក ងន សុខជា បានដោះស្រាយដោយជោគជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ។

សូមគូសបញ្ជាក់ថា ការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. គឺធ្វើឡើងដោយផ្អែកតាមការព្រមព្រៀងដោយការស្ម័គ្រចិត្ត និងដោយសេរីរបស់គូភាគី និងដោយគ្មានការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ផ្អែកតាមច្បាប់  កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើទ្បើងក្នុងក្របខ័ណ្ឌ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ៕