2024-11-13 10:11
100

ភ្នំពេញ៖ សំណុំរឿងពុករលួយពាក់ព័ន្ធនឹងលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ចំណាយលុយជាងកន្លះលានដុល្លារ តាមរយៈបុគ្គល លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង ដើម្បីបានតំណែង ជា «អភិបាលខេត្ត» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងនេះ ទាក់ទិននឹងករណី៖ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនលោក ឡាយ វិសិដ្ឋ បណ្តោះអាសន្នក្នុងពន្ធនាគារ រងចាំចំណាក់ការបន្តតាមផ្លូវច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី៖ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» មានជនត្រូវចោទមានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ៖ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទ ចំនួន ០២នាក់ទៀត គឺ ១៖ ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២៖ ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៣០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទ មានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ព្រមទាំង ជនត្រូវចោទចំនួន ២នាក់ទៀ ក់ទៀត គឺ ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ៖ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ «ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺ ឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ ចំនួន ៥៧០ ០០០ (ហាសិបប្រាំពីរម៉ឺន)ដុល្លារ ទៅឱ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនា ដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបាន តំណែងជាអភិបាលខេត្ត»។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា គិតត្រឹមព្រប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានមនុស្ស ចំនួន ០៦នាក់ ហើយដែលត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់យកតំណែង និងតួនាទីធំៗ តាមរយៈបុគ្គលអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត និងគូក ក្នុងនោះ មានចំនួន ០៤ នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និង២នាក់ទៀត ត្រូវបាននគរបាលនាំខ្លួនបញ្ជូនទៅតុលាការ។ 

ពាក់ព័ន្ធសំណុំរឿងដ៏ក្តៅគគុកខាងលើនេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើជនសង្ស័យ មានឈ្មោះ អ៊ុត ធី មានគោរមងារ ជា «ឧកញ៉ា» ជាអ្នកជំនួញការដ្ឋានបំផ្ទុះថ្មភ្នំ និងដេញថ្លៃគម្រោងសាងសង់ផ្លូវធំៗពីបទ៖  «ជំនួញឥទ្ធិពលសកម្ម»  តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ មួង ឃីម អតីតមន្ត្រីជាន់ខ្ពស់នគរបាលជាតិ និងឈ្មោះ ដួង តារា អតីតរដ្ឋលេខាធិការ ចោទប្រកាន់ ពីបទ៖ «ជំនួញឥទ្ធិពលអកម្ម»  តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង ឈ្មោះ លី សាម៉េត ហៅគ្រូមា ចោទប្រកាន់ ពីបទ៖ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម» តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

ចំពោះមនុស្សចំនួន ០២នាក់ទៀត ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកានេះ មានឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ ពីបទ៖ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» និងឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម តំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕