2024-11-13 11:11
28

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិប្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

ក្នុងអំឡុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រទេសកម្ពុជា ត្រូវបានជ្រើសររើសជាផ្លូវការ ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាការចាប់ផ្តើមជាផ្លូវការ នូវការងារត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ 

គណៈកម្មការជាតិនេះ ចំណុះដោយអនុគណៈកម្មការចំនួនប្រាំមួយ រួមមាន៖ ១) ខ្លឹមសារ និងឯកសារ, ២) ពិធីការ និងបដិសណ្ឋារកិច្ច, ៣) សារព័ត៌មាន និងផ្សព្វផ្សាយ, ៤) សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, ៥) ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និង ៦) ហិរញ្ញវត្ថុ ក៏ដូចជាលេខាធិការដ្ឋានមួយ ដែលមានសមាសភាពពីថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋ និងឯកជនជាច្រើន។

កិច្ចប្រជុំនេះ បានដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ដំណើរការរៀបចំ ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រងកូហ្វូនីលើកទី២០ និងធ្វើឱ្យកិច្ចប្រជុំនេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សហគមន៍ប្រើប្រាស់ភាសាបារាំងទាំងមូល៕