2024-11-16 11:11
35

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុលស ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានធ្វើការបដិសេធនូវការចោទប្រកាន់មកលើរូបលោក ថាបានប្រមូលប្រាក់ប្រមាណពីសរុបជាង ២០ម៉ឺនទៅ៣០ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចសារសំឡេងដែលបែកធ្លាយ និងចែករំលែកលើបណ្តាញសង្គមនោះឡើយ។ ប្រសិនបើមានជនរងគ្រោះខាត់បង់ប្រាក់កាសពិតប្រាកដក អាចមកដាក់ពាក្យបណ្តឹងប្តឹងរូបលោក មកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកហ៊ានចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់។

ការបញ្ជាក់របស់លោកឧ្តមសេនីយ៍ សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើងក្រោយពីអង្គភាពបណ្តាញសារព័ត៌មាន MSJ TV បានចេញផ្សាយនូវអន្ថបទ និងឃ្លីបព័ត៌មានជាវីដេអូមួយ ក្រោមចំណងជើងថា៖ «បែកធ្លាយរឿងអាស្រូវស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ និងប្រពន្ធប្រមូលលុយប្រមាណ ៣០ ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ»។

លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល សរសេរលិខិតបំភ្លឺផ្ញើមកកាន់ការិយាល័យសារព័ត៌មាន អឹម អេស ជេ ដោយមានខ្លឹមសារថា៖ សូមគោរពដល់លោកអគ្គនាយក និងលោកនិពន្ធនាយកទូរទស្សន៍ MSJ មេត្តាជ្រាបថា សូមបដិសេធទាំងស្រុងការចោទប្រកាន់លើរូបលោក ទទូលប្រាក់ ចំនួន ៣០ ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។ លិខិតរបស់លោកស្នងការរង បានបន្ថែមថា៖ លោកមិនដែលបានទទួលប្រាក់ទាំងនោះទេ។ បើសិនជាមានបងប្អូនរងគ្រោះ អាចមកដាក់ពាក្យបណ្តឹងបាននៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ តាមសេចក្តីប្រកាសរបស់ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ បើសិនជាមានបងប្អូនរូបណាបានបង់ប្រាក់ជូនលោកមែន បងប្អូនអាចមកដាក់ពាក្យបណ្ដឹងលោកនឹងទទួលខុសត្រូវមុខច្បាប់។

លោក សម្បត្តិ កុសល បានបញ្ជាក់ថា៖ «តាមសេចក្តីប្រកាសស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជិតមួយឆ្នាំហើយឲ្យបងប្អូនមកដាក់ពាក្យបណ្ដឹង បើសិនជារងគ្រោះ ឬខាតបង់ប្រាក់ មកដល់ពេលនេះ មិនមានបុគ្គលណាម្នាក់ មកដាក់ពាក្យបណ្ដឹងប្ដឹងពីរូបលោកទេ។ ដូច្នេះបងប្អូនដែលថារងគ្រោះដោយសាររូបលោក សូមបងប្អូនមកដាក់ពាក្យបណ្ដឹងលោកនឹងទទួលខុសត្រូវមុខច្បាប់»។ លោកបញ្ជាក់បន្ថែមថា៖ «មិនបានប្រព្រឹត្តទង្វើទាំងនោះទេ និងសូមបដិសេធការចោទប្រកាន់ទាំងស្រុង»។

ពាក់ព័ន្ធរឿងសារសំឡេងបែកធ្លាយនោះ លោកឧត្តមសេនីយ៍ សម្បត្តិ កុសល បានបកស្រាយថា៖ «គ្រាន់តែនិយាយលេងជាមួយមនុស្សដែលជិតដិតគ្នាទេ ហើយក៏គ្មានបងប្អូនណាម្នាក់ គាត់បានចំណាយប្រាក់មកលើរូបលោកដែរ។ ចំពោះសារសំឡេងរបស់លោកកន្លងមក ដែលបាននិយាយខុសប្រាសចាកវិន័យកងកម្លាំងនគរបាល លោកបានទួលពិន័យផ្នែកកងកម្លាំងនគរបាលរួចរាល់ហើយដែរ»។

សូមជម្រាបថា ថ្មីៗនេះមានការបែកធ្លាយសារសំឡេងរបស់លោក សម្បត្តិ កុសល និងប្រពន្ធ ឆាតទំនាក់ទំនងគ្នានិយាយរឿងយកលុយចាប់ពីជាង ២ម៉ឺនទៅ៣ម៉ឺនដុល្លារ ធានារត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវបានចែកចាយតាមបណ្តាញសង្គមធ្វើផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះពួកគេបានអួតពីឥទ្ធិពល និងមានខ្សែរអ្នកធំទៀតផង។

ពាក់ព័ន្ធរឿងអាស្រូវខាងលើនេះ មិនទាន់បញ្ចប់នៅឡើយទេ គឺថ្នាក់លើកកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកការពិត ដូចសារសំឡេងដែលបានបែកធ្លាយឬយ៉ាងណា?

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងបា្រប់សារព័ត៌មានក្នុងស្រុកកាលថ្ងៃទី១២ វិច្ឆិកាកន្លងទៅ តាមប្រព័ន្ធទូរសព្ទថា៖ «ខ្ញុំសូមមិនបកស្រាយលើករណីនេះទេ ព្រោះជារឿងបុគ្គលផ្ទាល់ខ្លួន រឿងមែន ឬមិនមែនហ្នឹង ទុកឱ្យខ្លួនគាត់ជាអ្នកដោះស្រាយទៅ ប៉ុន្តែសម្រាប់អង្គភាព យើងបានសួរនាំហើយ គឺរៀបចំទៅតាមបទវិន័យនគរបាលរួចហើយ។ ដោយឡែក ក្នុងនាមខ្ញុំជាប្រធានអង្គភាព ខ្ញុំបានធ្វើការទៅតាមបទវិន័យរួចអស់ហើយ។ ខ្ញុំសូមមិនបកស្រាយអ្វីបន្តទៀតទេ!»៕