2024-11-18 10:11
23

កំពង់ស្ពឺ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ភ្ញៀវជាតិនិងអន្តរជាតិ បានចូលមកលេងកម្សាន្ត លំហែនៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍នានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមានប្រមាណជាង៥ម៉ឺននាក់ នេះបើយោងតាមរបាយការណ៍របស់លោក រស សុខ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោកប្រធានមន្ទីរទេសចរណ៍រូបនេះបានបន្តឲ្យដឹងទៀតថា៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ សរុបប្រមាណ ជា៥០៥៣០នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ចំនួន ២៨,៤១៨ នាក់ កើនឡើង ៩៧%-។  

ក្នុងនោះភ្ញៀវជាតិ ៤៩,៩១៥នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មានចំនួន ២៧,៩៧៩នាក់ កើនឡើង ៧៤%- អន្តរជាតិ ៦១៥នាក់ ប្រៀបធៀប ឆ្នាំ ២០២៣ មានចំនួន ៤៣៩នាក់ កើនឡើង ៤០%។

ចំណែកតម្លៃទំនិញ ម្ហូបអាហារ និងសេវាស្នាក់នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ដូចជានៅតាមភោជនីយដ្ឋាន អាហារដ្ឋាននិងសេវាស្នាក់នៅ ជារួមមានការរក្សាតម្លៃដូចថ្ងៃធម្មតាផងដែរ។

ទន្ទឹមនិងនោះបញ្ហាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ទាំងមូលនាឱកាសព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយ:ពេល៣ថ្ងៃ មានស្ថានភាពល្អប្រសើរ មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយមានកងកម្លាំងសមត្ថកិច្ចបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕