2024-11-18 10:11
19

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ទីរពេទ្យព្រះអង្គឌួង បានបម្រើសេវាសុខាភិបាល ២៤ម៉ោង លើ២៤ម៉ោង ទាំងនៅទីតាំងប្រចាំការចំនួន២កន្លែង នៅវត្ដភ្នំ កែងស្ថានទូតអាមេរិក និងនៅផ្លូវ១១៨ កែងផ្លូវព្រះស៊ីសុវត្ថិ ព្រមទាំងនៅមន្ទីរពេទ្យផ្ទាល់ផងដែរ។

តាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា «រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទុកមន្ទីរពេទ្យព្រះអង្គឌួង បានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដែលមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកបានចំនួន ៣១៧នាក់ នៅតាមទីតាំងប្រចាំការទាំងពីរខាងលើ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងឆ្នាំមុនផងដែរ»។ ដោយឡែក«សម្រាប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៃការបម្រើសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងសរុបចំនួន ៤,៧៤៤នាក់ មានការធ្លាក់ចុះ បើប្រៀបធៀបនឹងថ្ងៃធម្មតាមិនមានបុណ្យជាតិផ្សេងៗ ព្រោះថ្ងៃធម្មតាជាទូទៅគ្រាន់តែមកពិគ្រោះជំងឺក្រៅក្នុងមួយថ្ងៃចន្លោះពី ២,៥០០នាក់ ទៅ ៣,០០០នាក់តែប៉ុណ្ណោះ» ។

គួររម្លឹកថា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមឈាង រ៉ា បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ទាំងមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោងលើ ២៤ម៉ោង ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានជំរុញឱ្យអង្គភាពទាំងអស់ ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាល ជាស្ថាប័នជួរមុខ ក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។

លើសពីនោះក្រសួងសុខាភិបាលបានរៀបចំនូវទីតាំងជម្រកតង់ការពារសុខភាព និងក្រុមគ្រូពេទ្យប្រចាំការ រថយន្តគិលានសង្រ្គោះបន្ទាន់នៅតាមបណ្តាគោលដៅនីមួយៗ ដែលមានចំនួន ១៥ ទីតាំង រថយន្តគ្លីនិកចល័តចំនួន ២កន្លែង និងក្រុមគ្រូពេទ្យចល័តក្នុងក្រុមមហាជន ដើម្បីផ្តល់សេវាសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាសុខភាពបន្ទាន់ ២៤ម៉ោង លើ២៤ម៉ោង ផងដែរ៕