រដ្ឋធានីកៀវ៖ អាជ្ញាធរអគ្គិសនីជិតអ៊ុយក្រែន បានបញ្ជាក់ ថាតំបន់ទាំងអស់របស់ប្រទេសអ៊ុយក្រែន នឹងជួបប្រទះការរឹតបន្តឹងបណ្តោះអាសន្នលើថាមពលអគ្គិសនី ចាប់ពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី មកលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន។
នេះបើតាមការចេញផ្សាយរបស់បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia ។
កម្លាំងទាហានរុស្ស៊ី បានបង្កើនការវាយប្រហារតាមអាកាសទ្រង់ទ្រាយបំផុតរបស់ខ្លួនទៅលើអ៊ុយក្រែន អស់រយៈពេលជិត៣ខែកន្លងមកនេះ ដោយរំខានដល់ប្រព័ន្ធថាមពល ដែលបានខូចរួចមកហើយ។
ក្រុមហ៊ុនអគ្គិសនីអ៊ុយក្រែន Ukrenergo បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ បានកាត់ផ្តាច់បណ្តោះអាសន្ន រយៈពេលចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់។ ឥឡូវក្រុមកម្មករកំពុងតែជួសជុលនូវការខូចខាតឱ្យបានលឿនតាមអ្វីដែលអាចធ្វើទៅបាន។
កម្លាំងទាហានរុស្ស៊ី បានវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបំផុត ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា)។
រីឯក្រុមមន្ត្រីអ៊ុយក្រែន បានបញ្ជាក់អំពីការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឬ កាត់ដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជាច្រើនចាប់ពីតំបន់វ៉ូលីន (Volyn), រីវណេ (Rivne) និង ល្វីវ (Lviv) នៅភាគខាងលិចរហូតដល់តំបន់ឌីនីប្រូផេត្រូវស្ក៍ ( Dnipropetrovsk) និង ហ្សាប៉ូរីសហ្យា (Zaporizhzhia) នៅភាគអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែន។
ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ថាកម្លាំងទាហានរុស្ស៊ី បានវាយប្រហារដោយមីស៊ីលចំនួន១២០គ្រាប់ និង ដ្រូន ចំនួន៩០គ្រឿង មកលើប្រទេសអ៊ុយក្រែន។
ប៉ុន្ដែនៅក្នុងចំណោមមីស៊ីល និង ដ្រូនទាំងនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បាញ់ទម្លាក់អស់ចំនួន១៤០ដើមនិងគ្រឿង៕