2024-11-19 10:11
21

ខេត្តព្រះសីហនុ ៖     នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤។

វេទិកានេះ មានអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត្ត លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាសង្កាត់ នៅសាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ មានសំណួរផ្ទាល់មាត់ ចំនួន ១៤នាក់ មានដូចជា (ទឹក ភ្លើង ផ្លូវ និងសំរាម) និងទទួលបានសំបុត្រចំនួន២៣ សរុបទាំងអស់៣៧ ដែលបានយកមកដោះស្រាយ។

លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកតម្រូវឱ្យក្រុមប្រឹក្សាខេត្តរៀបចំអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង និងស្រុកក្នុងខេត្តនៃឆ្នាំនីមួយៗ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាសំណើ សំណួរ ឬសំណូមពរ សម្រាប់ធ្វើការដោះស្រាយក្នុងវេទិកានេះ ដើម្បីបង្កើននូវវប្បធម៌ក្នុងការពិភាក្សាគ្នារវាងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ និងដៃគូរអភិវឌ្ឍនានាសម្រាប់លើកកម្ពស់ខ្សែគណនេយ្យភាព តម្លាភាព និងសមធម៌ ប្រកបដោយអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺពិតជាមានសារៈសំខាន់បំផុតដែលអាចលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងផ្តល់អនុសាសន៍ឱ្យបានផុលផុសសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ឱ្យកាន់តែល្អប្រសើរប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលប្រជាពលរដ្ឋបានលើកក្នុងវេទិកានាពេលនេះ។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបានធ្វើការណែនាំដល់អណាព្យាបាលសិស្ស ដែលប្រឡងជាប់ថ្នាក់ទី១២ ឬធ្លាក់ និងអ្នកដែលចង់រៀនបច្ចេកទេស សូមត្រូវស្វែងរកជំនាញបច្ចេកទេសណាមួយដែលខ្លួនស្រឡាញ់ ដើម្បីទាញយកឱកាសការងារ ព្រោះការមានជំនាញបច្ចេកទេសក្នុងខ្លួនយើងអាចរកលុយបាន និងងាយស្រួលរកការងារធ្វើបានថែមទៀតផង ព្រោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជំរុញបណ្តុះបណ្តាលខាងបច្ចេកទេស និងបច្ចេកវិទ្យា ព្រោះយើងកំពុងត្រូវការអ្នកដែលមានជំនាញបច្ចេកទេសចូលបំរើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់អំពីអនាម័យ បរិស្ថានដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា ដើម្បីឱ្យក្រុង ខេត្តព្រះសីហនុ របស់យើងជាខេត្តទេសចរណ៍មានភាពបៃតង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា បញ្ហាគ្រឿងញៀន និងក្មេងទំនឿង ក៏ជារឿងចាំបាច់សម្រាប់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋបាលក្រុង ស្រុក និងខេត្ត យើងត្រូវស្រាវជ្រាវស្វែងរកមេក្លោង ដើម្បីឱ្យភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សូមកងកម្លាំងត្រូវអនុវត្តបង្ក្រាបបញ្ហាគ្រឿងញៀន និងក្មេងទំនើងដូចភ្លៀងរលឹម ព្រមទាំងបានធ្វើការណែនាំឱ្យមន្ត្រីជំនាញចុះទៅពិនិត្យដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដល់មូលដ្ឋានដែលប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិការផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤៕