2024-11-21 15:41
47

ភ្នំពេញ៖ «ការបង្កើនការប្រកួតប្រជែង ម្ចាស់ការ និងឯករាជ្យរបស់ប្រទេសជាតិៗ ជារឿងសំខាន់ណាស់ គឺត្រូវមានធន់ធានមនុស្សច្រើនយើងអាចកំណត់ទិសដៅសកម្មភាពខ្លួនឯង និងដោះស្រាយរាល់បញ្ហាដោយខ្លួនយើង។ មូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែទំនើប និងការប្រកួតប្រជែង ជារឿងធំណាស់ សភាពការណ៍ពិភពលោកដើរលឿនណាស់។ ការប្រកួតប្រជែង មិនថាផ្នែកភូមិសាស្ត្រនយោបាយទេ ខាងផ្នែកពាណិជ្ជកម្មនោះទេ ក៏វិវត្តលឿនរហ័សណាស់ដែរ ហើយកាន់តែលឿនទៅទៀត គឺការប្រកួតប្រជែងគ្នានេះឯង»។ 

នេះជាប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង នាឱកាសញ្ជើញជាអធិបតីពិធី «ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ» នៅរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «ដើម្បីដើរឱ្យទាន់សភាពការណ៍ និងការប្រកួតប្រជែងគ្នានេះ ប្រទេសនិមួយៗត្រូវមានសមត្ថភាព ក្នុងការប្រកួតប្រជែងទាក់ទាញពាណិជ្ជកម្ម។ ប៉ុន្មានថ្ងៃនេះ សម្តេចបានជួបពិភក្សា ជាមួយអ្នកវិនិយោធំៗមកពីបរទេស ដែលគេចាប់អារម្មណ៍អំពីសក្កតានុពលរបស់កម្ពុជា ក្នុងនោះមានក្រុមហ៊ុនអភិវឌ្ឍផ្នែកសាងសង់កំពុងផែមកពីឌូបៃ និង BYD ដែលជាក្រុមហ៊ុនយក្សមកពីប្រទេសចិនដែលមកវិនិយោគបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា បានពិភាក្សាចរចាបញ្ចប់គម្រោងរួចរាល់ហើយ»

ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «បច្ចុប្បន្ននេះ នៅកម្ពុជាយើងមានក្រុមហ៊ុនយក្សធំបានមកវិនិយោគ មានដូចជា ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា របស់ប្រទេសជប៉ុន ក្រុមហ៊ុនផលិតរថយន្ត ម៉ាក Ford និងក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតផងដែរ។ អញ្ចឹងមានន័យកម្ពុជាយើង ដើម្បីប្រកួតប្រជែង មិនអាចនៅត្រឹមតែផលិតលើវិស័យកាត់ដេរ ដែលកើតមានតាំងពីឆ្នាំ៩០ជាងនោះទេ ត្រូវតែមានសមត្ថភាពទាញយកវិនិយោគថ្មី ដើម្បីឱ្យសមត្ថភាពកូនចៅជំនាន់ក្រោយទាំងបច្ចេកទេស និងសមត្ថភាពកាន់តែខ្ពស់»។ 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា៖ «សម្រាប់ការប្រកួតប្រជែងទំនើប និងថ្មីៗនេះ យើងត្រូវការធនធានមនុស្សជាចំបង បើបើករោងចក្រកាត់ដេរមិនចាំបាច់មានធនធានមនុស្សច្រើនទេ ប៉ុន្តែវិស័យកាត់ដេររបស់យើងពេលនេះ ក៏មានការរីកចំរើនខ្លាំងណាស់ដែរ ព្រោះមានផលិត និងម៉ាកល្បីៗជាច្រើននៅលើពិភពលោកត្រូវបានផលិតចេញពីប្រទេសកម្ពុជា គឺដោយសារធនធានមនុស្សយើងមានសមត្ថភាពក្នុងការផលិតស្របតាមស្តង់ដា ទើបក្រុមហ៊ុនទាំងនោះគេមកវិនិយោគ»