2024-11-22 15:40
77

(ភ្នំពេញ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ក្នុងពិធីបើកមហាសន្និបាត បានអះអាងថា សន្ដិភាព អាចសម្រេចទៅបានតាមរយៈការដោះស្រាយដោយសន្ដិវិធី ផ្អែកលើការសន្ទនាការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ។

ក្នុងពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា ការពង្រឹងការ ការពារជាតិ គឺជាសិទ្ធិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ប៉ុន្តែកិច្ចការនេះមិនគួរធ្វើឲ្យបាត់តម្លៃ នៃការប្តេជ្ញាចិត្តក្នុងការសន្ទនា និងការដោះស្រាយបញ្ហាដោយសន្តិវិធីនោះទេ។

សម្ដេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «សន្តិភាពអាចសម្រេចបាន តែតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនាការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ។ ពិតណាស់ថា ការពង្រឹងការការពារជាតិ គឺជាសិទ្ធិ និងអធិបតេយ្យភាពរបស់យើង ប៉ុន្តែកិច្ចការនេះមិនគួរធ្វើឲ្យបាត់តម្លៃ នៃការប្តេជ្ញាចិត្តរបស់យើងក្នុងការសន្ទនា និងការដោះស្រាយបញ្ហាដោយសន្តិវិធីនោះទេ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតដើម្បីរក្សាសន្តិភាព ដែលកំពុងទទួលអំណរសាទរដូចសព្វថ្ងៃឲ្យមានចីរភាព ទាមទារឲ្យមានការថែទាំសន្តិភាពជារៀងរាល់ថ្ងៃ។ សម្ដេចបានសង្កត់ធ្ងន់ថា ការផ្សះផ្សាជាមួយគូសត្រូវ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញតាមសក្ខីភាពជាក់ស្តែង គឺជាកម្លាំងមិនមែនជាចំណុចខ្សោយនោះទេ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៀតថា ការផ្សះផ្សាមិនមែនសម្រាប់អ្នកចុះចាញ់ឡើយ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ញាញាណ នៅក្នុងការមើលឃើញដំណោះស្រាយឈ្នះឈ្នះពីក្នុងសង្គ្រាម៕