2024-11-22 15:45
62

ភ្នំពេញ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថា ប្រទេសទាំងអស់ គួរអនុវត្តតាម សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬឈានដល់ការផ្លាស់ប្ដូររបប ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ។

ការថ្លែងបែបនេះរបស់សម្ដេច ធ្វើឡើងនាឱកាសសម្ដេចបានអញ្ជើញចូលរួមបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធការស្វែងរកសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អ្នកនយោបាយគ្រប់រូបគួរមានការទទួលខុសត្រូវចំពោះសន្តិភាព ហើយសន្តិភាពមិនគួរជាអាទិភាពបន្ទាប់បន្សំ ជាងការស្វែងជ័យជម្នះ នៅក្នុងបោះឆ្នោតឬការសម្រេចគោលដៅមនោគមវិជ្ជា ជាក់លាក់ណាមួយនោះទេ»

លើសពីនេះ សម្ដេចក៏បានបញ្ជាក់ថា នយោបាយប្រជានិយមជ្រុលនិយម និងដាច់ខាតនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្ដើមដំណែងនយោបាយឡើយ។

ជាថ្មីម្ដងទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការកេងប្រវ័ញ្ចពីភាពទន់ខ្សោយរបស់ប្រទេសកំពុងអភិវឌ្ឍ តាមរយៈការធ្វើយុទ្ធនាការប្រមាថបណ្ដុះបង្អាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មជាឯកតោភាគី លើប្រទេសដែលមិនគោរពតាមរបៀបវារៈ ភូមិសាស្រ្តនយោបាយ មិនគួរក្លាយជាទំនៀមដែលអន្តរជាតិទទួលស្គាល់នោះទេ៕