កណ្តាល៖ នៅថ្ងៃព្រហស្បត្តិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល ដែលជាខេត្តទី១ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ» ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោក មាស សុកែវ សមាជិក អ.ដ.ក., លោក ឃ្ល៉ោក ដារ៉ា សមាជិក អ.ដ.ក. , ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ប្រធានសាលាដំបូងខេត្តកណ្តាល, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត មន្ទី និងអង្គភាព ដែលពាក់ព័ន្ធជុំវិញខេត្តកណ្តាលប្រមាណ ៤០០ នាក់ ផងដែរ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតបានបន្ធេមទៀតថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបានទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា រដ្ឋបាលខេត្តកណ្តាល នឹងទទួលបានការគាំទ្រលើ២ ចំណុចសំខាន់ពី អ.ដ.ក. គឺ៖ ទី១)- ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និង ទី២)- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាលលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
សូមគូសបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល គឺជាខេត្តទីមួយ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. លើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ និងជាស្ថាប័នទីបួន បន្ទាប់ពីគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម និងអង្គការនារីដើម្បីសន្តិភាព ដែលបានចុះអនុស្សរណ:នៃការយោគយល់គ្នានេះ៕