ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តនិងមានអញ្ជើញចូលពីលោកស្នងការរង លោកអធិការ អធិការរងនគរបាលក្រុង\ស្រុកទាំង៧។
ក្នុងឱកាសនេះដែរក៏មានពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន៧៤នាក់ ស្រីចំនួន១៩នាក់ ក្នុងនោះមានថ្នាក់នាយផ្នែកចំនួន៤៥រូប ថ្នាក់នាយរងផ្នែកចំនួន១៥រូប ថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០៩រូប និងថ្នាក់នាយរងប៉ុស្តិ៍ចំនួន០៥រូប។
ក្រោយពីបានស្តាប់ ការអានរបាយការណ៍កិច្ចសហប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែវិច្ឆិកា របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគ និងមតិចូលរួមរបស់លោកស្នងការរងផែនការងារជំនាញ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ ចូលរួមអបអរ ចំពោះមន្ត្រីនគរបាលដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី សូមបំពេញតួនាទីភារកិច្ច ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្របតាមវិជ្ជាជីវៈ ជាកងកម្លាំង និងមិនត្រូវប្រើប្រាស់អំណាចគៀបសង្កត់ទៅលើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលធ្វើឲ្យបាត់បង់នូវគុណតម្លៃរបស់នគរបាលជាតិ ទន្ទឹមនេះត្រូវពង្រឹងការងារបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង គ្រឿងញៀន បន្តបង្កើននិងជម្រុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងការចុះ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបង្កើនការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រឹតបន្តឹង ការបង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ ត្រួតពិនិត្យ ទីតាំងផ្តល់សេវាកម្មកំសាន្តសប្បាយ ឱសថស្ថាន និងគ្លីនិកឯកជន បង្កើនបញ្ជីមុខសញ្ញា និងធ្វើការតាមដានលើសកម្មភាព របស់មុខសញ្ញាដែលទើបទទួលការដោះលែងពីពន្ធនាគារ៕ លាន គ្រន