2024-11-23 15:53
45

ភ្នំពេញ៖ ក្នុងជំជួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ប្រធានសភាវៀតណាមជឿជាក់ថា កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លាបន្ថែមទៀត។

ក្នុងឱកាសនៃជំនួបឯកឧត្ដម Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លាប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លាបន្ថែមទៀត ដែលនឹងសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

ឯកឧត្ដម Tran Thanh Man បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងកម្ពុជា។ ឯកឧត្ដម ក៏បានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
 
សម្ដេចបវរធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ 

សម្ដេចបវរធិបតី និងឯកឧត្ដមប្រធានរដ្ឋសភាក៏បានពិភាក្សាផងដែរ អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យទេសចរណ៍, វិស័យសន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕