2024-11-23 15:59
56

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគម្រោងព្រែកជីកហ្វូនតេជោយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេស របស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និងកំពុងចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែង ចំពោះបងប្អូនប្រជាពលរដ្ឋ ស្ថិតតាមតម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាដែលត្រូវកំណត់ និងដោះស្រាយចំពោះមុខ»។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនាពេលថ្មីៗនេះ រួមមានកាសែតបាងកកប៉ុស្តិ៍និងកាសែត រ៉យទ័រ បានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា៖ «គម្រោងព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការអនុវត្តគម្រោង»។

ការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធ ព័ត៌មានខាងលើ ដោយពិនិត្យឃើញថា ខ្លឹមសារដែលសារព័ត៌មានខាងលើ កំពុងប្រើប្រាស់ និងផ្សព្វផ្សាយ គឺមានភាពមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពី ការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។

ក្រសួងបានបញ្ជាក់ថា៖ «បច្ចុប្បន្ន ក្រុមការងារអនុវត្តគម្រោង បាននិងកំពុងបន្តអនុវត្តយ៉ាង សស្រាក់សស្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងដៃគូអន្តរជាតិ មិនដូចការលើកឡើងមិនពិតម្តងហើយម្តងទៀតរបស់សារព័ត៌មានទាំងនោះឡើយ»។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់អំពីកិច្ចដំណើរការសាងសង់ “ព្រែកជីក ហ្វូណនតេជោ” ឬក្នុងករណីប្រជាពលរដ្ឋមានបំណងចង់សាកសួរព័ត៌មានទូទៅ ឬមានចម្ងល់ផ្សេងៗអំពីកិច្ចដំណើរការនៃគម្រោងនេះ សូមធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទូរសព្ទ Hotline លេខ ១២៧៥ ឬចូលសាកសួរ និងស្រាវជ្រាវព័ត៌មានដោយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់គម្រោងព្រែកជីកហ្វូណនតេជោ ឬទំព័រហ្វេសប៊ុកផ្លូវការ ឬប្រព័ន្ធតេឡេក្រាមផ្លូវការនៅរៀងរាល់ម៉ោងធ្វើការ៕