ការសង្ឃឹម និងជឿងជាក់របស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ាន ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោបានសម្តែងនូវមោទនភាពចំពោះការរៀបចំរបស់កម្ពុជា នូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដីផងដែរ។
នៅក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រយ៉ាងខ្លាំងខ្លារបស់កម្ពុជា ចំពោះគំនិតផ្តួចផ្តើមនានា របស់អាស៊ានពាក់ព័ន្ធនឹងសន្តិភាព និងភាពអត់ឱន និងទទួលស្គាល់ពីភាពដឹកនាំរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ IPTP។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធម្មនុញ្ញសន្តិភាព ដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោ ដែលនឹងត្រូវបានអនុម័តនៅសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលគ្របដណ្តប់លើសសរស្តម្ភសំខាន់ចំនួនប្រាំ រួមមាន ការទប់ស្កាត់ជម្លោះ វឌ្ឍនភាពនៃការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ យុត្តិធម៌អន្តរកាល ការកសាងឡើងវិញក្រោយជម្លោះ និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
ឯកឧត្តម កៅ គឹមហួន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសសរស្តម្ភទាំងប្រាំនៃធម្មនុញ្ញសន្តិភាព ក្នុងការផ្ដល់ជូនជាកម្លាំងចលករកាន់តែប្រសើរ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញតម្លៃរួមក្នុងសន្តិភាព និងភាពអត់ឱន ជំរុញសន្តិសុខធនធាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅនឹងគោលដៅអាទិភាពរបស់អាស៊ានផងដែរ។ ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកម្ពស់សន្តិភាព គ្របដណ្ដប់លើសសរស្តម្ភទាំង៣របស់អាស៊ាន ដោយរួមមាន ការប្រកាសជាផ្លូវការនូវគោលនយោបាយជាច្រើន រួមទាំងសេចក្តីប្រកាសទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការកើនឡើងនៃភាពជ្រុលនិយម ការប្រើប្រាស់អំពើហិង្សា សេចក្តីប្រកាសអាស៊ានស្ដីអំពីវប្បធម៌ ការធ្វើឱ្យសង្គមមួយមានសន្តិភាព បរិយាប័ន្ន ភាពធន់ ភាពជោគជ័យ និងសុខដុមរមនា ព្រមទាំងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្ដីពី ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការឆ្លើយតបនឹងវិបត្តិនានា ក្នុងខណៈដែលជម្លោះ និងភាពតានតឹងនៅតែបន្តកើតមាននៅតំបន់នានា និងជាពិសេសការប្រែប្រួលនៃអភិក្រមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំនានារបស់អាស៊ានផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ធម្មនុញ្ញសន្តិភាព និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រមូលធាតុចូល និងបញ្ញាញាណពីគ្រប់ច្រកល្ហក ដែលត្រូវបានដាក់បញ្ចូលជាកញ្ចប់ និងជាផែនទីចង្អុលផ្លូវមួយដែលកម្ពុជារួមគ្នាតាក់តែងឡើង។ សម្តេចតេជោ ក៏បានកត់សម្គាល់ការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗកន្លងទៅនេះដែលបានប៉ះពាល់ដល់ប្រទេសសមាជិកអាស៊ាន រួមមានកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវក្តីរីករាយ ដែលរាល់ការផ្តួចផ្តើមរបស់កម្ពុជា តែងតែទទួលបានការស្វាគមន៍ ទទួលយក និងគាំទ្រពីបណ្តាប្រទេសនានា។ សម្ដេចតេជោ បានសម្តែងនូវក្តីសោមនស្ស និងមានមោទនភាព ដែលសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមពីបណ្ដាប្រទេសជាច្រើន រួមមាន អាហ្វ្រិក អាមេរិកឡាទីន គណបក្សនយោបាយនិយមកណ្ដាល និងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការកត់សម្គាល់ខ្ពស់ ចំពោះសភាពការណ៍តានតឹង និងពិបាកប៉ាន់ស្មាននៅលើពិភពលោក ដែលតែងតែបង្កការលំបាកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ស្របនឹងពាក្យថា «ដំរីជល់គ្នាងាប់ស្មៅ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់នាពេលកន្លងទៅ នៅទីក្រុងដាវូស ថា៖ «អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ»។
សម្តេចតេជោ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ាន ដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក។ សម្តេចតេជោ បានសម្ដែងនូវមោទនភាពក្នុងក្របខណ្ឌអាស៊ាន ដែលរហូតមកទល់នឹងពេលនេះ កម្ពុជាបានដើរនៅតួនាទីដ៏សំខាន់ និងបានផ្ដួចផ្ដើមគំនិតជាច្រើន ហើយឯកសារសំខាន់ៗ និងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលជាច្រើនត្រូវបានដាក់ចេញពីរាជធានីភ្នំពេញ និងតែងទទួលបាននូវការគាំទ្រជាបន្តបន្ទាប់៕