2024-11-26 12:04
112

បាត់ដំបង+ប៉ៃលិន÷ នៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤បានឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត ចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ និងចូល រួមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីប្រគល់អាវរងារជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅទិសយោធភូមិភាគទី៥។

សមិទ្ធផលនាថ្ងៃនេះ គឺជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរាជរដ្ឋាភិបាល លើទំនើបកម្មយោធា ការអភិវឌ្ឍអង្គភាពទ័ព និងសុខទុក្ខរបស់យោធិនគ្រប់រូប និងក្រុមគ្រួសារ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងយើងទាំងអស់គ្រប់ពេលវេលា ពោលគឺសម្តេចទាំងទ្វេរតែងផ្តល់អាវរងារនៅរដូវរងារ និងផ្តល់អាវភ្លៀងនៅរដូវភ្លៀងធ្លាក់ជូនកងកម្លាំងយើងទាំងអស់ជាររៀងរាល់ឆ្នាំ។

សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាព និងបងប្អូនយោធិនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសុខសន្តិភាព ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាជនក្នុងគ្រាជួបគ្រោះមហន្តរាយផ្សេងៗ។ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តោយព្រំដែនរបស់យើង បានប្រឹងប្រែង និងសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀន ជួញដូរអាវុធ និងជួញដូរមនុស្សជាដើម។ បញ្ហាគ្រឿងញៀន ការឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មផ្សេងៗទៀត គឺជាខ្មាំងសត្រូវរបស់យើងទាំងអស់គ្នា និងដាច់ខាតត្រូវកម្ទេចចោល។ សូមយើងរួមគ្នាដោះស្រាយបញ្ហា រួមគ្នាទទួលខុសត្រូវ សូមកុំរួមគ្នាចិញ្ចឹមបញ្ហា។

ជាទីបញ្ចប់ សូមថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានរតនាគារជាតិ ដែលជាដៃគូរសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចថ្មើរជើងលេខ៥៣ និងសប្បុរសជនទាំងអស់ និងបានចូលរួមចំណែកឧបត្ថម្ភគាំទ្រជាប្រចាំ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងអង្គភាព៕