2024-11-29 10:02
51

ខេត្តបាត់ដំបង៖ ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ កម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តបាត់ដំបង បានបន្តចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្រ្តៃនិងមធ្យោបាយផ្សេងទៀតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគាស់ក្រឡ។ 

ជាក់ស្ដែងស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក គាស់ក្រឡ ដែលមានលោកអនុសេនីយ៍ឯក ចាន់ ថានូ ជាអធិការនគរបាលស្រុក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងនគរបាលស្រុក រួមជាមួយកងប្រជាការពារផង ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើមធ្យោបាយទាំងនោះ រួមមានគោយន្តកន្រ្តៃ រទេះរឺម៉កសណ្តោងដែលគាត់ធ្វើដំណើរលើដងផ្លូវពិសេសនៅពេលយប់ងងឹត។ 

ជាមួយនឹងការចុះបិទស្ទីកឃ័រចំណាំងផ្លាតលើមធ្យោបាយទាំងនេះ សមត្ថកិច្ចនគរបាលបានធ្វើការណែនាំពន្យល់ដល់ម្ចាស់មធ្យោបាយ ដែលប្រើប្រាស់ផ្លូវបានយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរលើដងផ្លូវ ៕