(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៤ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
ទិវានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ ព្រមទាំងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ដែលមកពីថ្នាក់ជាតិ និងលោក-លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ នៅទូទាំងខេត្តត្បូងឃ្មុំ។
ថ្លែងនាឱកាសនោះ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត លើកឡើងថា ការអនុវត្តន៍សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត ឆន មុនី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាពនិងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ។
មានប្រសាសន៍នាឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវតែធ្វើការកែលម្អ និងលើកកំពស់ឡើងវិញ ដើម្បីអោយស្ថានភាពអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងធានាជូនប្រជាពលរដ្ឋទទួលបាននូវ សេវាសុខាភិបាលមួយប្រកបដោយគុណភាព និងសមធម៌ពិតប្រាកដ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណ: បានណែនាំឱ្យលោកគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវតាមច្ចេកទេសវេជ្ជសាស្ត្រ និងសរសេរអោយបានឱ្យបានត្រឹមត្រូវផងដែរ ជាពិសេសការចេញវេជ្ជបញ្ជារអ្វីមួយ ។
លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ថែមថា ការលើកកម្ពស់សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈសុខាភិបាល ការប្រាស្រ័យទាក់ទងល្អរវាងគ្រូពេទ្យនិងអ្នកជំងឹ ការត្រៀមបង្ការ ក៏ដូចជាការដោះស្រាយបញ្ហាចំពោះមុខពេលកំពុងប្រកបវិជ្ជាជីវៈប្រចាំថ្ងៃ គឺត្រូវតែបន្តយកចិត្តទុកដាក់ និងអនុវត្តឲ្យបានល្អ និងផ្តាំផ្ញើឱ្យគ្រូពេទ្យទាំងអស់ ខិតខំបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៍វិជ្ជាជីវៈ និងសាមគ្គីល្អនៃសហភាតរៈផងដែរ៕