ភ្នំពេញ៖ ដើម្បីត្រៀមរៀបចំមហាព្រឹត្តិការណ៍ សាទរកម្ពុជា ឲ្យទទួលបានជោគជ័យ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ យុវជនមានទេពកោសល្យ និងក្រុមការងារ សាទរកម្ពុជា រួមទាំងដៃគូសហការ បានជួបគ្នាពិភាក្សាគ្នាអំពីកម្មវិធី ឆ្ពោះទៅកាន់ព្រឹត្តិការណ៍សាទរកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខនេះ។
នៅក្នុងកិច្ចពិភាក្សានេះគោលបំណងដើម្បីទទួលបាននូវការចែករំលែកបទពិសោធ ស្នាមញញឹម គំនិតច្នៃប្រឌិត អំពីគម្រោងកម្មវិធីប្លែកៗ សប្បាយៗ និង រំភើបដែលត្រៀមនឹងធ្វើឡើងនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះឆ្ពោះទៅកាន់ព្រិត្តិការណ៍ សាទរកម្ពុជា ។
គួររំលឹកថាកាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋបាលរាជធានីដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម សំហេង បុរស តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជា ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍សាទរកម្ពុជា គឺជាវេទិកាសម្រាប់ទាំងអស់គ្នា សាទរអត្តសញ្ញាណរួមគ្នាប្រកបដោយមោទនភាព ក្រោមទង់នៃប្រជាជាតិតែមួយ។
ព្រឹត្តិការណ៍នេះធ្វើឡើង ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ បង្ហាញពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជានិងការគាំទ្រផ្តល់ស្នាមញញឹមពីប្រជាពលរដ្ឋកម្ពុជា។
ជាមួយនិងការការរៀបចំព្រឹត្តិការណ៍នេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមសម្របសម្រួលចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង ការសម្រួលចរាចរនិងការបង្ហោះដ្រូនជាដើម។
ចំពោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា»នេះនឹងរៀបចំឡើងដោយមាន ជាក្បួនដង្ហែសាទរកម្ពុជា មានមនុស្សចូលរួមប្រមាណ ៣០០០នាក់ ដែលមានតួយក្សចូលរួម ២០០យក្ស។
ការដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀង «បទនគររាជ» ទាំង៣វគ្គ សុន្ទរកថារបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ការសម្តែងរបាំជូនពរ ការសម្តែងរបាំសហសម័យ «សាទរកម្ពុជា»ការសម្តែងសិល្បៈទស្សនីយភាពចម្រុះនិងចុងក្រោយគឺការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយនិងផ្ទាំងទស្សនីយភាពកាំជ្រួចផងដែរ សូមរង់ចាំតាមដាននូវកម្មវិធីសប្បាយៗ និងមានអត្តន័យទាំងអស់នេះ។