2024-12-01 13:49
48

ម៉ាឡេស៊ី, ថៃ ៖ ក្រុមមន្រ្តីជំនាញបាននិយាយថា ទឹកជំនន់ដ៏ធំដែលបានបង្កឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។

មនុស្សជាង ១២២,០០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេនៅឯភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ខណៈដែលនៅភាគខាងត្បូងប្រទេសថៃមនុស្សប្រហែលជា ១៣,០០០ នាក់ ផ្សេងទៀតក៏ត្រូវបានជម្លៀសចេញដូចគ្នាដែរ។

ឥឡូវនេះ មន្រ្តីជំនាញក៏ដូចជាប្រជាជនក្នុងប្រទេសទាំងពីរនេះ កំពុងតែមានការព្រួយបារម្ភថាអាចនឹងមានចំនួនមនុស្ស ដែលរងនូវគ្រោះថ្នាក់កាន់តែមានការកើនឡើងថែមទៀតដោយសារតែភ្លៀងធ្លាក់ខ្លាំង និងការព្រមានអំពីព្យុះនៅតែមាន។ 

ដោយឡែកបុគ្គលិកនៃសេវាសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះទៅដល់អ្នកស្រុកដែលជាប់គាំង ហើយរដ្ឋាភិបាលកំពុងតែផ្ដល់ជូននូវជម្រកទៅដល់ប្រជាជនដែលត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេផងដែរ។

គ្រោះមហន្តរាយនៃទឹកជំនន់នេះ បានធ្វើឲ្យប៉ះពាល់ទៅដល់គ្រួសារជិត ៥៣៤,០០០ គ្រួសារ នៅឯភាគខាងត្បូងនៃប្រទេសថៃ ហើយមន្ទីរពេទ្យចំនួនពីរត្រូវបានបិទដើម្បីការពារទឹកជំនន់ពីការបំផ្លាញសម្ភារៈបរិក្ខាពេទ្យ។ 

ហើយពេលនេះផងដែរខេត្តចំនួនប្រាំនៅឯប្រទេសថៃ កំពុងតែបានប្រកាសអាសន្នដោយសារតែគ្រោះមហន្តរាយនៃទឹកជំនន់។

រដ្ឋាភិបាល បានកំណត់ថវិកាចំនួន ៥០ លានបាត ក្នុងការជួយសង្គ្រោះប្រជាជនដែលបានរងគ្រោះដោយសារតែគ្រោះទឹកជំនន់សម្រាប់ខេត្តនីមួយៗ។

ចំណែកនៅឯប្រទេសម៉ាឡេស៊ីវិញ ទឹកជំនន់ភាគច្រើនគឺកើតឡើងទៅលើរដ្ឋ Kelantan នៃភាគឦសាន ដែលជាខេត្តជាប់ព្រំប្រទល់នៃប្រទេសថៃ។ 

នៅទីនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា អ្នកជម្លៀសមានចំនួន ៦៣ ភាគរយនៃចំនួនប្រជាជនសរុប។ 

ឯរដ្ឋចំនួនប្រាំបីផ្សេងទៀតនៅក្នុងម៉ាឡេស៊ីក៏កមពុងតែរងនូវផលប៉ះពាល់ផងដែរ។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានប្រមានថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យនៅក្នុងរដ្ឋមួយចំនួន ខណៈដែលសមភាគីថៃបានព្រមានផងដែរថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តរហូតទៅដល់សប្ដាហ៍ក្រោយ។

ពេលនេះប្រទេសទាំងពីរនេះ កំពុងតែជួបប្រទះនឹងភ្លៀងមូសុងនៅជុំវិញឆ្នាំនេះ ដូចនេះហើយការកើតមាននូវទឹកជំនន់វាមិនមែនជារឿងចម្លែកនោះទេ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ប្រទេសម៉ាឡេស៊ីបានប្រឈមមុខទៅនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់។ 

ហើយកាលពី ១០ ឆ្នាំមុន ពោលក្នុងឆ្នាំ ២០១១ ក្នុងប្រទេសថៃ ក៏កើតមាននូវគ្រោះទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០០ នាក់ និងបានបំផ្លាញផ្ទះប្រជាជនថៃរាប់លានខ្នងផងដែរ។