2024-12-02 11:22
45

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញការលើកលែងទោសជាផ្លូវការសម្រាប់កូនប្រុសរបស់គាត់ឈ្មោះ ហាន់ធឺ (Hunter) ដែលកំពុងតែប្រឈមនឹងការកាត់ទោសសម្រាប់សំណុំរឿងព្រហ្មទណ្ឌចំនួនពីរករណី បើទោះបីជារឿងនេះបានចេញសេចក្ដីសម្រេចពីមុនមកហើយក៏ដោយ។

Hunter Biden បានសារភាពនូវទោសកំហុសចំពោះការចោទប្រកាក់ពន្ធ កាលពីដើមខែ កញ្ញា ហើយត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងពីបទគ្រប់គ្រងកាំភ្លើងដោយខុសច្បាប់កាលពីក្នុងខែមិថុនា។ 

ហើយវាក៏ជា្រវត្តិសាស្រ្តមួយផងដែរ ដែល Hunter Biden បានក្លាយទៅជាកូនរបស់ប្រធានាធិបតីដំបូងដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ។

ប្រតិកម្មទៅនឹង ការលើកលែងទោសនេះ ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតលោក Donald Trump បាននិយាយថា “តើការលើកលែងទោសដែលផ្ដល់ដោយលោក ចូ បៃឌិន ទៅកាន់ ហាន់ធឺ (Hunter) ដែលជាកូនរបស់លោករួមបញ្ចូលទាំងចំណាប់ខ្មាន់ (កាលពីថ្ងៃទី ០៦ មករា) ដែលឥឡូវនេះត្រូវបានជាប់គុកជាច្រើនឆ្នាំឬ?” ​។
 

ហើយការលើកលែងទោស ដោយគ្មានលក្ខខណ្ឌនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ចូ បៃឌិន ធ្លាប់បាននិយាយថា លោកនឹងមិនផ្ដល់ការលើកលែងទោសទៅដល់កូនប្រុសរបស់លោកជាដាច់ខាត។

ប៉ុន្តែកាលពីល្ងាចថ្ងៃ អាទិត្យ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយថាចាប់តាំងពីលោកឡើងកាន់តំណែង លោកបាននិយាយហើយថានឹងមិនចូលជ្រៀងជ្រែកក្នុងការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌នោះទេ ហើយលោកនៅតែរក្សាពាក្យរបស់លោក បើទោះបីជាលោកត្រូវមើលទៅកាន់កូនប្រុស ដែលត្រូវបានគេកាត់ទោសដោយអយុត្តធម៌ក៏ដោយ។ 

លោកបានបន្តថា លោកសង្ឃឹមថាប្រជាជនអាមេរិកនឹងយល់ពីមូលហេតុដែលក្នុងនាមជាឪពុក និងជាប្រធានាធិបតីម្នាក់នឹងមករកការសម្រេចចិត្តនេះ។

ហើយនេះក៏មិនមែនជាលើកទីមួយនោះទេ ដែលប្រធានាធិបតីអាមេរិកលើកលែងទោសទៅដល់សមាជិកគ្រួសាររបស់ពួកគេ។

ដោយក្នុងនោះមានដូចជាប្រធានាធិបតី ប៊ីល គ្លីនតុន បានលើកលែងទោសដល់ប្អូនប្រុសបង្កើតរបស់គាត់ដែលមានឈ្មោះថា រ៉ូជឺ គ្លីនតុន ពីបទប្រព្រឹត្តបទល្មើសទាក់ទងជាមួយនឹងកូកាអ៊ីនឆ្នាំ ១៩៨៥ ក្នុងឆ្នាំ ២០០១។ 

ហើយនៅឆ្នាំ ២០២០ លោក ដូណាល់ ត្រាំ បានលើកលែងទោសទៅដល់  Charles Kushner ដែលត្រូវជាឪពុកក្មេករបស់កូនស្រីគាត់ឈ្មោះ Ivanka ។ 

មិនតែប៉ុណ្ណោះ ប្រធាធិបតីជាប់ឆ្នោត ត្រាំ (Trump) កាលពីពេលថ្មីៗនេះក៏បានប្រកាសឲ្យ Kushner ក្លាយជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំងនៅក្នុងគណៈរដ្ឋមន្រ្តីថ្មីរបស់គាត់ថែមទៀតផង។

ចំណែកឯ ហាន់ធឺ បៃឌិន (Hunter Biden) ក៏បានសារភាពពីទោសកំហុសចំពោះការក្លែងបន្លំពន្ធសហព័ន្ធចំនួនប្រាំបួនផងដែរ កាលពីក្នុងខែកញ្ញា ដែលគាត់បានប្រឈមមុខនឹងការជាប់ពន្ធធនាគាររហូតដល់១៧ ឆ្នាំ។
 
គាត់ក៏ត្រូវបាន កាត់ទោសពីបទឧក្រិដ្ឋចំនួនបីផ្សេងទៀត ដែលពាក់ព័ន្ធនឹងការទិញកាំភ្លើងកាលពីខែមិថុនា ដែលគាត់ត្រូវប្រឈមមុខទៅនឹងការជាប់ពន្ធធនាគាររហូតដល់ ២៥ឆ្នាំ។ 

ហើយការកាត់ទោសសម្រាប់ករណីទាំងនេះ ត្រូវបានកំណត់នៅថ្ងៃទី ១២ និង ១៦ ខែធ្នូ នេះ។

ចំពោះបញ្ហាផ្លូវច្បាប់របស់ ហាន់ធឺ ដែលជាកូនប្រុសរបស់ប្រធានាធិបតី ចូ បៃឌិន គឺជាពពកខ្មៅងងឹតមួយ ជុំវិញយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកបៃឌិន ដែលត្រូវបានបញ្ចប់ទៅកាលពីក្នុងខែ កក្កដា បន្ទាប់ពីលោក បៃឌិន បានដកខ្លួនចេញពីការប្រកួតប្រជែងបោះឆ្នោត។