ភ្នំពេញ៖ ស្ត្រីមេម៉ាយកូនមួយជាអ្នករកស៊ីលក់អនឡាញ ជាអតីតភរិយាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ត្រូវបានតំណាងអយ្យការបើកការសាកសួរ និងចោទប្រកាន់ទំលាក់ទៅឱ្យចៅក្រមស៊ើបសួរនូវអង្គហេតុដែលបានបង្កើតបាននូវអត្ថិភាពនៃបទល្មើស។
ស្ត្រីមេម៉ាយស្រស់ស្អាតសាច់សរខ្ចីម្នាក់ ជាអ្នកលក់អនឡាញជាអតីតប្រពន្ធមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតាមបណ្តឹងរបស់អតីតម្តាយក្មេក និងបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ ខណៈពេលមានអ្នករត់ការអត្តរាគម ដើម្បីធនាឲ្យនៅក្រៅឃុំជាបណ្តោះផងដែរ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យបាន បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះថា «តំណាងអយ្យការបានបើកការសាកសួររួចហើយ»។ អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា កាលណាតំណាងអយ្យការបើកការស៊ើបសួរមានន័យថាតំណាងអយ្យការបានសម្រេចចោទប្រកាន់ទៅចៅក្រមស៊ើបសួរនូវអង្គហេតុដែលបានបង្កើតបាននូវអត្ថិភាពនៃបទល្មើសហើយ»។ សូមជម្រាបថា ស្ត្រីឈ្មោះ ញឹម សុខឡេង អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួត បឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជាប់ចោទពីបទៈ ជេរប្រមាថជាសាធារណៈ ,ហឹង្សាដោយចេតនា និងរំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងមកនេះ។
នៅវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ស្ត្រីឈ្មោះ ញឹម សុខឡេង អតីតជាកូនប្រសារបានទៅធ្វើសកម្មភាព ស្រែកជេរប្រមាថ ឡូឡា វាយទ្វារផ្ទះបង្កឲ្យមានភាពភ្ញាក់ផ្អើលទាំងយប់ ទើបមានអ្នកបើកទ្វាផ្ទះពេលនោះស្ត្រីឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី១ បានជួបអតីតម្តាយក្មេកដោយនិយាយមិនស្តាប់គ្នា ទើបកើតមានការប្រតាយជាមួយអតីតម្តាយក្មេកបណ្តាលឲ្យរបួសស្នាមត្រង់ដៃ និងស្មាខាងស្តាំ ថែមទាំងជេរប្រមាថ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈ និងវាយកម្ទេចគ្រឿងសក្ការបូជាជាវត្ថុមានតម្លៃរបស់គ្រួសារមិនតែប៉ុណ្ណោះសកម្មភាពរបស់ស្ត្រីសង្ស័យបានប្រើហិង្សាប៉ះពាល់ដល់ជីដូនក្មេកដែលមានវ័យចាស់ជរា អាយុជាង ៩០ឆ្នាំផ្លាយ ដែលសម្រាកលើកន្ទេលធ្វើឲ្យគាត់មានភាពតក់ស្លុតស្ទើរគាំងបេះដូង និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក បានបញ្ជាក់ថា ស្ត្រីសង្ស័យជាមនុស្សមានអត្តចរិកកោងកាច តែងតែរករឿងបង្កជម្លោះ តាំងពីមុនរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសគាត់ ដោយពួកគេរស់នៅមិនចុះសំរុងគ្នា ក៏មានការប្តឹងសុំផ្តាច់ចំណងអាពាហ៍ពិពាហ៍ រហូតដល់តុលាការបានចេញសាលក្រមលែងលះរួចរាល់ហើយ តែជនសង្ស័យនៅតាមបង្កបញ្ហាទៀត។ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពជេរប្រមាថ ទៅលើក្រុមគ្រួសារជាដើមបណ្តឹងទាំងកណ្តាលយប់ និងបានវាយកម្ទេចរថយន្តអស់២គ្រឿង ដែលសកម្មភាពនោះកំពុងជាប់បណ្តឹងនៅតុលាការទៀតផង។
សួមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ នៅលើគណនី facebook ដែលមួយមានឈ្មោះថា «Nhoem Sokleng» បានសរសេរថា “អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រើអំពើហិង្សាគំរាមគំហែងបាញ់សម្លាប់ប្រើរពាក្យសម្តីដៀល ជេរម្រាយ ប្រមាថ ដៀលពូជ ងែងហង… សូមច្បាប់ជួយរកអោយនាងខ្ញុំយុត្តិធម៍ផង”។
គណនីហ្វេសប៊ុកឈ្មោះ «Nhoem Sokleng» ជាស្ត្រីរងគ្រោះដោយសារប្តីជាមន្ត្រីនគរបាលប្រើអំពើហិង្សា បានសរសេរបន្ថែមទៀតថា “នាងខ្ញុំរងអំពើហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី២ខែរហូតកូនដល់បច្ចុប្បន្ន រងសំពាធ សតិអារម្មណ៍រហូតប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ”។ ស្ត្រីរងគ្រោះបានសរសេរទៀតថា “អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទើបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែតែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូននិងកូនដើម្បីបង… តើបងដែរស្រលាញ់អូនខ្លះទេ…. ?”។
សូមបញ្ជាក់ថា ស្ត្រីឈ្មោះ ញឹម សុខឡេង ជាអ្នកជំនួញលើអនឡាញ បានទំនាស់ជាមួយប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ ក្រសួងមហាផ្ទៃ មានឈ្មោះ ជា ប៊ុនថេង អស់រយៈពេលជាច្រើនខែដោយសារតែភាពមិនចុះសម្រុងនឹងគ្នា រហូតកើតមានអំពើហិង្សា ជេរប្រមាថ ដៀលថ្មេះ និងឈានដល់ប្រើប្រាស់អាវុធគំរាមអាយុជីវិត ដោយមានការដោះស្រាយគ្នាជាបន្តបន្ទាប់តាមផ្លូវច្បាប់ ប៉ុន្តែទំនាស់ផ្ទៃក្នុងគ្រួសារនេះ ហាក់មិនស្ងប់ស្ងាត់ ឬបញ្ចប់ឡើយ លុះស្ត្រីជាអតីតប្រពន្ធមន្ត្រីប៉ូលិសទៅរករឿងម្តាយក្មេងដល់ក្នុងផ្ទះទាំងយប់កើតមានការប្តឹងផ្តល់គ្នាហើយត្រូវបាននគរបាលចាប់ស្ត្រីរូបនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តង៕