
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពាក់ព័ន្ធការកាត់ទោសឧក្រិដ្ឋជន អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារយ៉ាងសាហាវបណ្តាលឱ្យមនុស្សចំនួន ០២ នាក់ស្លាប់ និង ២នាក់ទៀត រងរបួស គឺជាសារបញ្ជាក់ថា «ករណីអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៣១ឆ្នាំ និងផ្តល់សំណង ២,៥ លានដុល្លារ។ ចំពោះការកាត់ក្តីនេះ បានបង្ហាញអំពីការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ទោះមានងារជាឧកញ៉ា ក៏ត្រូវតែទទួលទោសទណ្ឌតាមច្បាប់ ដោយគ្មានការលើកលែង»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ ក្នុងពិធីចែកវិញ្ញាបនបត្រសិស្សថ្នាក់វិជ្ជាជីវៈ និងសញ្ញាបត្រជូននិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្សនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
សម្តេចអិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ករណីខាងលើនេះ ជាលើកទី១ ហើយដែលសំណងសម្រាប់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទទួលបាន ១លានដុល្លារ ក្នុងមួយគ្រួសារ ជាការសោកស្តាយចំពោះការបាត់បង់ជីវិត ទោះដាក់ទោសទណ្ឌ និងសំណងច្រើនយ៉ាងក៏ដោយរឿងលុយមិនអាចដោះដូរយកអាយុជីវិតជនរងគ្រោះមកវិញបានទេ តែបានបង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ត្រឹមត្រូវ ជាពិសេសទោះបីជាងារជាឧកញ៉ាក៏ដោយក៏នៅតែទទួលខុសត្រូវ»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះត្រូវតែធ្វើឱ្យបានហ្មត់ចត់ ដោយធ្វើយ៉ាងណាធានាបាននូវយុត្តិធម៌សង្គមនិងសង្ឃឹមថា តាមរយៈការកាត់ទោសទណ្ឌិត ស្រី ស៊ីណា ជាសារដ៏សំខាន់សម្រាប់មនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត»។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្ដន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារសរុបរយៈ ៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណងដល់គ្រួសារជនរងគ្រោះដែលស្លាប់ចំនួន ០២ នាក់ ក្នុងមួយគ្រួសារ ១លានដុល្លារ និងសំណងចំនួន ៥០ ម៉ឺនដុល្លារ ដល់អ្នករងរបួសចំនួន ០២ នាក់។
សូមបញ្ជាក់ថា សំណុំរឿងឧក្រិដ្ឋជន អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានតុលាការបែកជា ៣ សំណុំរឿង ដែលសំណុំរឿងទី១ ពីបទ៖ «ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត», សំណុំរឿងទី២ ពីបទ៖ «ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» និង សំណុំរឿងទី៣ ពីបទ៖ «រំលោភលើលំនៅឋាន»៕
