2025-01-17 13:46
40

ក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំមុន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួនចំនួន 5% ក្នុងឆ្នាំ 2024  នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ BBC News ។

ប៉ុន្តែវាគឺជាអត្រាកំណើនយឺតបំផុតមួយក្នុងរយៈពេលជាច្រើនទស្សវត្ស ដោយសារសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក កំពុងតស៊ូដើម្បីរុះរើវិបត្តិអចលនទ្រព្យដែលអូសបន្លាយ បំណុលរដ្ឋាភិបាលក្នុងស្រុកខ្ពស់ និងការអត់ការងារធ្វើរបស់យុវជនផងដែរ។ 

ប្រធានការិយាល័យស្ថិតិរបស់ប្រទេសនេះបាននិយាយថា សមិទ្ធិផលសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ 2024 គឺ "បានឈ្នះយ៉ាងលំបាក" បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជំរុញមួយចំនួនកាលពីចុងឆ្នាំមុន។ ហើយទីក្រុងប៉េកាំងកម្រនឹងខកខានគោលដៅកំណើនរបស់ខ្លួននាពេលកន្លងមកណាស់។

អ្នកជំនាញបានព្យាករណ៍យ៉ាងទូលំទូលាយនូវអត្រាកំណើននេះ។ ធនាគារពិភពលោកបាននិយាយថា ការចំណាយលើការខ្ចីប្រាក់ទាប និងការកើនឡើងនៃការនាំចេញនឹងមានន័យថាប្រទេសចិនអាចសម្រេចបាននូវកំណើនប្រចាំឆ្នាំ 4.9% ។ 

ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនកំពុងប្រឈមមុខនឹងខ្លួនឯងពាក់ព័ន្ធទៅនឹងការគំរាមកំហែងនៃពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump លើទំនិញរបស់ចិនដែលមានតម្លៃ 500 ពាន់លានដុល្លារ (£409 ពាន់លាន)។ ក្នុងនោះទំនុកចិត្តទៅលើអាជីវកម្ម និងអ្នកប្រើប្រាស់មានកម្រិតទាប ហើយប្រាក់យន់ចិននឹងបន្តធ្លាក់ចុះ ខណៈដែលទីក្រុងប៉េកាំងកាត់បន្ថយអត្រាការប្រាក់ក្នុងគោលបំណងដើម្បីជំរុញកំណើន។

ហើយទាំងនេះជាហេតុផលបីយ៉ាងដែលលោកប្រធានាធិបតីចិន មានការប្រកួតប្រជែងធំជាងពន្ធរបស់លោក Trump ទៅទៀត៖

១. ពន្ធគយកំពុងប៉ះពាល់ដល់ការនាំចេញរបស់ចិន
មានការព្រមានកាន់តែខ្លាំងឡើង ដែលថាសេដ្ឋកិច្ចរបស់ប្រទេសចិននឹងធ្លាក់ចុះនៅឆ្នាំ 2025។ 


កត្តាជំរុញដ៏សំខាន់មួយនៃកំណើនកាលពីឆ្នាំមុនឥឡូវនេះកំពុងស្ថិតក្នុងហានិភ័យគឺការនាំចេញ។ 

ប្រទេសចិនបានពឹងផ្អែកលើការផលិតដើម្បីជួយចាកចេញពីការធ្លាក់ចុះនេះ ដូច្នេះហើយ ខ្លួនបាននិងកំពុងនាំចេញរថយន្តអគ្គិសនី ម៉ាស៊ីនព្រីន 3D និងមនុស្សយន្តឧស្សាហកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបបានចោទប្រកាន់ចិនថាបានផលិតទំនិញច្រើនពេក ហើយបានដាក់ពន្ធលើការនាំចូលរបស់ចិនដើម្បីការពារការងារនិងអាជីវកម្មក្នុងស្រុក។ 

អ្នកជំនាញបាននិយាយថា អ្នកនាំចេញរបស់ចិនឥឡូវនេះអាចផ្តោតលើផ្នែកផ្សេងទៀតនៃពិភពលោក ប៉ុន្តែប្រទេសទាំងនោះទំនងជាស្ថិតនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ដែលមិនមានកម្រិតនៃតម្រូវការដូចអាមេរិកខាងជើង និងអឺរ៉ុបដែរ។ ទាំងនោះអាចជះឥទ្ធិពលដល់អាជីវកម្មរបស់ចិន ដែលសង្ឃឹមថានឹងពង្រីកខ្លួន ងាកទៅរកអ្នកផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើម។

ប្រធានាធិបតីចិន ចង់ប្រែក្លាយប្រទេសចិនពីរោងចក្ររបស់ពិភពលោកសម្រាប់ទំនិញថោកៗទៅជាមហាអំណាចបច្ចេកវិទ្យាខ្ពស់នៅឆ្នាំ 2035 ប៉ុន្តែវាមិនច្បាស់ថាតើការផលិតអាចបន្តក្លាយជាកត្តាជំរុញកំណើនដ៏ធំបែបនេះ ក្នុងការប្រឈមមុខនឹងការដំឡើងពន្ធនោះទេ។ 

២. ប្រជាជនចិនមានការចំណាយមិនគ្រប់គ្រាន់
នៅក្នុងប្រទេសចិន ទ្រព្យសម្បត្តិគ្រួសារត្រូវបានវិនិយោគយ៉ាងទូលំទូលាយនៅក្នុងទីផ្សារអចលនទ្រព្យ។ 

មុនពេលមានវិបត្តិអចលនទ្រព្យ វាស្មើនឹងជិតមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលផ្តល់ការងារដល់មនុស្សរាប់លាននាក់ ចាប់ពីអ្នកសាងសង់និងអ្នកអភិវឌ្ឍន៍រហូតដល់អ្នកផលិតស៊ីម៉ងត៍ និងអ្នករចនាផ្ទៃខាងក្នុង។

រដ្ឋាភិបាលក្រុងប៉េកាំងបានអនុវត្តគោលនយោបាយមួយចំនួន ដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ និងជាអ្នកឃ្លាំមើលទីផ្សារហិរញ្ញវត្ថុ គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បាននិយាយថា ខ្លួននឹងគាំទ្រយ៉ាងខ្លាំងក្លានូវកំណែទម្រង់។ 

ប៉ុន្តែនៅតែមានផ្ទះទទេ និងអចលនទ្រព្យពាណិជ្ជកម្មច្រើនពេក ហើយការផ្គត់ផ្គង់លើសនេះនៅតែបន្តបង្ខំឱ្យតម្លៃធ្លាក់ចុះ។ ការធ្លាក់ចុះទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនធនាគារយក្សរបស់ Wall Street លោក Goldman Sachs បែរជានិយាយថាការធ្លាក់ចុះនេះនឹងជា "ការអូសទាញជាច្រើនឆ្នាំ" លើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ 

ទាំងនេះ វាបានប៉ះពាល់ដល់ការចំណាយយ៉ាងខ្លាំង ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ 2024 ការប្រើប្រាស់ក្នុងគ្រួសារបានរួមចំណែកត្រឹមតែ 29% ដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី 59% មុនពេលកើតជំងឺរាតត្បាត។ 

ហើយនេះជាហេតុផលមួយដែលក្រុងប៉េកាំងបង្កើនការនាំចេញ។ 

ដែលជាការចង់ជួយទូទាត់ការចំណាយក្នុងស្រុកដែលមានការយឺតយ៉ាវលើរថយន្តថ្មី របស់ប្រណីត និងអ្វីៗស្ទើរតែទាំងអស់។ 

បើតាមតួលេខផ្លូវការបង្ហាញថា អត្រាគ្មានការងារធ្វើរបស់យុវជននៅតែមានកម្រិតខ្ពស់បើធៀបនឹងមុនពេលកើតជំងឺរាតត្បាត ហើយការដំឡើងប្រាក់ឈ្នួលក៏ត្រូវបានជាប់គាំងផងដែរ។ 

៣. អាជីវកម្មមិនសម្រុកទៅប្រទេសចិនដូចពីមុនទៀតទេ
ប្រធានាធិបតីចិន បានសន្យាថានឹងវិនិយោគលើឧស្សាហកម្មទំនើបៗដែលរដ្ឋាភិបាលហៅថា "កម្លាំងផលិតភាពថ្មី"។

រហូតមកដល់ពេលនេះ វាបានជួយឱ្យប្រទេសចិនក្លាយជាប្រទេសនាំមុខគេលើទំនិញដូចជាផលិតផលថាមពលកកើតឡើងវិញ បន្ទះសូឡា និងអាគុយរថយន្តអគ្គិសនីជាដើម។

កាលពីឆ្នាំមុន ចិនក៏វ៉ាដាច់ជប៉ុនក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេរបស់ពិភពលោកផងដែរ។ 

ប៉ុន្តែរូបភាពសេដ្ឋកិច្ចដែលខ្វះខាត ភាពមិនប្រាកដប្រជាលើពន្ធគយ និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយផ្សេងទៀត មានន័យថាចំណង់នៃអាជីវកម្មបរទេសសម្រាប់ការវិនិយោគនៅក្នុងប្រទេសចិនត្រូវបានធ្លាក់ចុះ។

សម្រាប់ហេតុផលទាំងអស់នេះ អ្នកជំនាញជឿថា វិធានការដើម្បីគាំទ្រសេដ្ឋកិច្ចនឹងកាត់បន្ថយបានតែផ្នែកខ្លះនៃផលប៉ះពាល់ នៃពន្ធគយថ្មីដែលមានសក្តានុពលរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ 

ព្រោះថាទីក្រុងប៉េកាំងត្រូវតែអនុវត្តវិធានការធំៗ ដិតដល់ ឬទទួលយកថាសេដ្ឋកិច្ចនឹងមិនរីកចម្រើនលឿននោះទេ។ 

យ៉ាងណាមិញ ការរីកចម្រើនដ៏ផ្ទុះបានប្រែក្លាយប្រទេសចិនទៅជាមហាអំណាចពិភពលោក ហើយការសន្យានៃការកើនឡើងវិបុលភាពបានជួយមេដឹកនាំរបស់ខ្លួនរក្សាការបិទបាំងយ៉ាងតឹងរ៉ឹងលើការមិនពេញចិត្ត។