2025-01-17 16:47
82

នៅភ្នំពេញៈ នៅរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក អឿន ចាន់ដារ៉ា ដែលជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានជួបគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាត មីន នៅភូមិ ត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៥ ដែលសពត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី នៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាស នោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណ ទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះ ក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុង ការងារបោស សម្អាត មីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅ ល្អប្រសើរ តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកការបាត់បង់វីរ:ជនដោះមីនរបស់យើង គឺជាការបាត់បង់អ្នក បម្រើដ៏ស្មោះត្រង់ ដែលតែងតែហ៊ានលះបង់គ្រប់បែបយ៉ាង និងធ្វើការប្រកបដោយហានិភ័យ ខ្ពស់ ដើម្បីប្រជាជនខ្មែរដូចគ្នា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យបងប្អូនអ្នកដោះមីនទាំងអស់ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតមីន។

សូមបញ្ជាក់ថាចាប់ពីឆ្នាំ១៩៩៧ មានបុគ្គលិកដោះមីនចំនួន ១៥៨នាក់ រងឧបទ្ទវហេតុគ្រោះថ្នាក់ ក្នុង អំឡុងពេលប្រតិ បត្តិការ ក្នុងនោះ ស្លាប់ចំនួន ៣៣នាក់ និងរបួស ពិការ ចំនួន ១២៥នាក់ ។