2025-01-18 19:26
209

កំពង់ស្ពឺ៖ លោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ត្រូវបានថ្នាក់លើសម្រេចផ្លាស់ប្តូរទៅកាន់កិច្ចការងារថ្មី ដោយដាក់ជំនួសមកវិញ លោកវរសេនីយ៍ត្រី បេ បំរើន ជាមេបញ្ជាការបន្តដឹកនាំការងារ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកសំរោងទង និងសង្គមជាតិបានយ៉ាងល្អប្រសើរ។

ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានរៀបចំធ្វើឡើង នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ នៅសាលាស្រុកសំរោងទង ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន  មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមលោកប្រធាន អនុប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុក, អធិការ អធិការរងស្រុក ផ្នែកសឹករងសំរោងទង និងលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ប្រធាននាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកជាច្រើនទៀត។

នាឱកាសនោះ លោកវរសេនីយ៍ត្រី បេ ចំរើន ត្រូវបានតែងតាំងជា «មេបញ្ជាការ» មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ជំនួសលោកវរសេនីយ៍ត្រី វិន ឡេងហួង ដែលត្រូវបានថ្នាក់លើផ្លាស់ប្តូរឱ្យទៅកាន់ការងារថ្មី ប៉ុន្តែមិនទាន់មានការបញ្ជាក់មានតួនាទីអ្វីនៅឡើយទេ។

លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងនាមមេបញ្ជាការ បានចូលរួមអបអរសាទរ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះស្នាដៃជាច្រើន ដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។ 

លោកមេបញ្ជាការបានបញ្ជាក់ថា៖ «ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បា​នបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ»

ចុងបញ្ចប់នៃកម្មវិធី ជាទឹកចិត្តរបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភនូវថវិការដល់ រដ្ឋបាលស្រុកចំនួន ១,០០០,០០០ រៀល ,អធិការស្រុក ចំនួន ១,០០០,០០០ រៀល ,ផ្នែកសឹករងសំរោងទង ចំនួន ១,០០០.០០០រៀល និងអាវុធហត្ថស្រុក ចំនួន ១,០០០,០០០ រៀលផងដែរ៕