2023-06-01 17:20
382


ស្វាយរៀង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់តារាងបាល់ទាត់ខ្នាតតូច និងបញ្ចុះបឋមសិលាសាងសង់ទីចាត់ការ អនុវិទ្យាល័យព្រៃបិតមាស ស្ថិតនៅភូមិព្រៃផ្តៀក ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ 


អមដំណើរនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសនោះ រួមមាន លោក Thanasak Suraprasert អនុប្រធានសមាគមកីឡាបាល់ទាត់ថៃ និងជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF ) ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះស្រុក ឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានថ្លែងថា សមិទ្ធផលដែលសម្ភោធ តារាងបាល់ទាត់ នាពេលនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលនានា ដែលនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុករមាសហែក និងអស់លោកក្រុមការងារទាំងអស់តែងតែយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍនៅលើកទឹកដីស្រុករមាសហែកនេះ។


ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដល់បងប្អូនប្រជាពលរដ្ឋ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា សូមអគុណសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ដោយមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ ការកសាងធនធានមនុស្ស ដូច្នេះមនុស្សយើងដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែង លើចំណេះដឹងនេះ ត្រូវចាប់ផ្ដើមពីការសិក្សាថ្នាក់មូលដ្ឋានឡើងទៅ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើងកំពុងបានឃើញនេះ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានមានឈ្មោះបោះឆ្នោត ត្រូវអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំខកខាន៕