2023-06-02 10:54
847

ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំ និងជាអ្នកនយោបាយដ៏សកម្មរបស់គណបក្សប្រឆាំង ចំនួន ០២រូប ទទួលបានការប្រោសប្រទានលើកទោសពីអង្គព្រះមហាក្សត្រ នៃព្រអើះរាជាណាចក្រកម្ពុជា។


សកម្មជននយោបាយ និងអ្នកនយោបាយទាំង ០២រូប ទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្យនោះ រួមមាន៖ ទូ១- លោក ទុំ ប៊ុនថន កំពុងជាមន្ទីរឃុំឃាំង (ម៣) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងទី២- លោក អ៊ូ ច័ន្ទឬទ្ធិ កំពុងរស់នៅសហរដ្ឋអាមេរិក ដែលទើបប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិត សម រង្សុី ជនក្បត់ជាតិ ៣ជំនាន់។
យោងតាមព្រះរាជក្រឹត្យ នស/រកត/០៦២៣/១០៣៣ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិត ចំនួន ២រូប ដែលមានរាយនាមដូចខាងក្រោម៖ 
១- ឈ្មោះ ទុំ ប៊ុនថន ភេទប្រុស កើតឆ្នាំ១៩៧៦ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។ 
២- ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ "ថ” ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ 
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។


សូមជម្រាបថា ទណ្ឌិត អ៊ូ ច័ន្ទឫទ្ធិ ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល កាលពីថ្ងៃសទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ បានសំណើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឲ្យមានការលើក លែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ដល់រូបលោក។ 
ក្នុងនោះលោក អ៊ូ ច័ន្ទឫទ្ធិ បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជ្រាបថា រូបលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។ 
លោក អ៊ូ ច័ន្ទឫទ្ធិ ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល ក៏បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែរថា "លោកបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន"៕