2023-06-02 18:18
746


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងប្រមុខការទូតរបស់កម្ពុជា គឺឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អញ្ជើញចូលរួមពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីតួកគី។ 


យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់វិមានប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។ 
ពិធីចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។ 
សូមជម្រាបថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាល និងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត  លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ 
ចំពោះវត្តមានរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន  នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀត នូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកលូតលាស់ រវាងប្រទេសទាំងពីរ៕