2023-06-02 18:53
461


ភ្នំពេញ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆ្មក់ចុះឡោមព័ន្ធ និងបង្ក្រាបក្លឹបកម្សាន្ត «kabukicho 4.0» មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី សរុប ចំនួន ៣២នាក់ បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនិតិវិធីតាមផ្លូវច្បាប់។


តាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងកងអាវុធហត្ថខណ្ឌចំការមន បានបើកប្រតិប្តិការឡោមព័ទ្ធក្លឹបកម្សាន្តមួយកន្លែង នៅវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្លឹបកម្សាន្តយីហោ «kabukicho 4.0 កាប៊ុគីចូ» មានទីតាំងផ្សារទំនើបសូហូ ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានអោយដឹងទៀតថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់ឡោមព័ទ្ធទីតាំងក្លិបកម្សាន្ត «kabukicho 4.0» ឃាត់ខ្លួនមនុស្សសរុប ចំនួន ៣២នាក់ ក្នុងនោះមានស្រី ចំនួន ១៥នាក់ មានជនជាតិបរទេស ខ្មែរ និងបុគ្គលិកបំរើការងារក្នុងក្លឹបកម្សាន្តនេះផងដែរ។ ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្តខាងលើនេះ សមត្ថកិច្ចចម្រុះដកហូតសារធាតុញៀន រួមមាន៖ ម្សៅសក្រាម និងវត្ថុតាងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។


សមត្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមន  ដោយមានការអនុញ្ញាតពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទឃ្លំបេទីតាំងក្លឹប «kabukicho 4.0» ស្ថិតក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងសម្រេចផ្អាកអាជីវកម្មក្លឹបនេះ ព្រមទាំងបិទទ្វាឃ្លំបេជាបណ្តោះអាសន្ន។
បច្ចុប្បន្ន មន្ត្រីជំនាញបានធ្វើការបិទកំណត់ហេតុ និងបិទឃ្លុំបេទីតាំងក្លិបដែលមានស្លាកយីហោ «kabukicho 4.0 កាប៊ុគីចូ» ខាងលើនេះ ជាបណ្តោះអាសន្ន និងអ្នកពាក់ព័ន្ធទាំង ៣២នាក់ ត្រូវបានបញ្ជូនខ្លួនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តនិតិវិធី៕