2023-06-02 19:00
436


ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយមនុស្សធម៌ ក្នុងទឹកប្រាក់ ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុ ជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា។


នៅក្នុងពិធីប្រគល់ ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនោះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន មីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះបានឆាប់រហ័ស។
កាយវិការសប្បុរសធម៌ខាងលើឆ្លុះបញ្ចាំងពីគុណតម្លៃ នៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាព និងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុង ស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្តារប្រទេសឡើងវិញ៕